សម្តេចប៉ាបបានប្រកាសថា កុមារ និងគ្រួសារជាជនរងគ្រោះដំបូងនៃសង្រ្គាម
មានបន្ទូលក្រោយ ការវាយប្រហាររបស់អ៊ីស្រាអែលថ្មីៗនេះនៅតំបន់ហ្គាហ្សា និងលីបង់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបញ្ជាក់ជាថ្មីថា«គ្មាននរណាឈ្នះក្នុងសង្គ្រាមទេ។ គ្រប់គ្នាចាញ់»។
វ៉ាទីកង់ញូវបានរំលេចថា នៅគ្រានោះសម្តេចប៉ាបបានបន្តរំលឹកអំពីជីវិត មនុស្ស ១៥០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់លំនៅដ្ឋានមួយក្នុងតំបន់ហ្គាហ្សា។
មានបន្ទូលទៅកាន់មនុស្សរាប់ពាន់នាក់នៅទីលានសន្តសិលា សម្តេចប៉ាបបានរំលេចនូវអំពើហិង្សានិងជនរងគ្រោះ ដោយសារសង្រ្គាមនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា និងប្រទេសជាច្រើននៅក្នុងសង្រ្គាម។
សម្តេចប៉ាបបានបញ្ជាក់ជាថ្មីថា គ្មាននរណាឈ្នះដោយសង្គ្រាមទេ ហើយថា «សន្តិភាពជាអំណោយមកពីព្រះវិញ្ញាណបរិសុទ្ធ» ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស មានបន្ទូល ថា ៖ «កាលពីម្សិលមិញ ខ្ញុំបានឃើញមនុស្សស្លូតត្រង់ចំនួន ១៥០ នាក់ត្រូវបានបាញ់សម្លាប់ តើកុមារ និងក្រុមគ្រួសាររបស់ពួកគេទៅពាក់ព័ន្ធនឹងអ្វីនៅក្នុង សង្រ្គាម?» គាត់បានសួរថា «ពួកគេគឺជាជនរងគ្រោះ»៕