សម្តេចប៉ាបបន្តជំរុញឲ្យរកសន្តិភាពនៅអ៊ុយក្រែន និងដែនដីពិសិដ្ឋ
សម្តេចប៉ាបបន្តជំរុញឲ្យរកសន្តិភាពនៅអ៊ុយក្រែន និងដែនដីពិសិដ្ឋ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ បានអំពាវនាវជាថ្មីសុំសន្តិភាពនៅអ៊ុយក្រែន និងនៅដែនដីពិសិដ្ឋ។
សម្តេចប៉ាបបានមានបន្ទួលហើយបានថ្កោលទោសនូវអំពើហិង្សាគ្រប់ទម្រង់នៅលើពិភពលោក ហើយផលនៃសង្រ្គាមគឺមានតែការបរាជ័យតែប៉ុណ្ណោះ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា សង្រ្គាមនិងអំពើហិង្សាដែលកំពុងតែកើតឡើងគឺជា អំពើដែលប្រឆាំងនឹងបំណងរបស់ព្រះជាម្ចាស់ និងឆន្ទៈរបស់មនុស្សជាតិ។
ក្រៅពីមានបន្ទូលទៅកាន់គ្រីស្តបរិស័ទនៅទីលានសន្តសិលា សម្តេចប៉ាបក៏បានបន្តធ្វើការអំពាវនាវអំពីបញ្ហានេះនៅលើបណ្តាញសង្គម X និង តាមគណនីបណ្តាញសង្គម @Pontifex ដែលបានផ្សព្វផ្សាយជាប្រាំបួនភាសាផងដែរ ។
សម្តេចប៉ាបបានទូលអង្វរឲ្យមេដឹកនាំគ្រប់ភាគី ត្រូវទទួលមន្តសណ្តំពីព្រះជាម្ចាស់ និងមនុស្សជាតិ ដែលកំពុងតែស្រែកឃ្លានសន្តិភាព និង គ្មានអំពើហិង្សា ។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា នេះគឺជាការអំពាវនាវលើកទី១០ហើយ របស់សម្តេចប៉ាបទាក់ទងនឹងសន្តិភាពនៅអ៊ុយក្រែន ហើយនៅពេលនេះទ្រង់ក៏បានធ្វើជាថ្មី ក្រោយពេលដែលដែនដីពិសិដ្ឋកំពុងតែផ្ទុះភាពតានតឹង ។
នៅក្នុងឱកាសនោះ សម្តេចប៉ាបក៏បានសង្កត់ធ្ងន់អំពីអ្វីដែលទ្រង់ធ្លាប់មានបន្ទូលដោយលើកឡើងអំពីការព្រួយបារម្ភអំពីសង្រ្គាមលោកលើកទី៣ ដោយកាលនោះទំហំនៃការព្រួយបារម្ភគឺតូច ប៉ុន្តែពេលនេះការព្រួយបារម្ភកំពុងតែរីកកាន់តែធំឡើង៕