សម្តេចប៉ាបបញ្ជាក់អំពីភាតរភាពនិងទំនាក់ទំនងរវាងអ៊ីស្លាមនិងកាតូលិក
នៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងប្រទេសឥណ្ឌូនេស៊ី ទ្រង់បានបញ្ជាក់ប្រាប់គ្រិស្តបរិស័ទនិងពលរដ្ឋឥណ្ឌូនេស៊ីថា 'យើងទាំងអស់គ្នាមានទំនាក់ទំនងគ្នា' ហើយប្រកាសឲ្យព្រះសហគមន៍នានា បន្តលើកតម្កើងសុខដុមរមនាដល់មនុស្សជាតិរួមរបស់យើង ដែលជាការរំលឹកថា "គ្មាននរណាម្នាក់អាចធ្វើបានដោយគ្មានអ្នកផ្សេងទេ" និងការអំពាវនាវឱ្យយកឈ្នះ លើ ឧបសគ្គ និងការមិនអត់ឱន ប្រសិនបើយើងចង់ជួយសង្គ្រោះមនុស្សជាតិ និងភពផែនដី។
សម្តេចប៉ាប បានប្រាប់គ្រិស្តបរិស័ទ ជនជាតិឥណ្ឌូណេស៊ីជាង ១00.000 នាក់ដែលបានប្រមូលផ្តុំគ្នា ក្នុងពេលរៀបចំថ្វាយអភិបូជានៅពហុកីឡដ្ឋានដ៏ធំនា ទីក្រុងហ្សាការតា ខណៈដែលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់គាត់ទៅកាន់ប្រទេសរបស់ពួកគេបានបញ្ចប់។
សម្តេចប៉ាបបានបន្ទូលថា “ ទូលបង្គំជាខ្ញុំលើកទឹកចិត្តអ្នកឲ្យសាបព្រោះគ្រាប់ពូជនៃសេចក្ដីស្រឡាញ់ ដើរលើផ្លូវនៃការសន្ទនាដោយជឿជាក់ បន្តបង្ហាញពីសេចក្ដីល្អ និងសេចក្ដីសប្បុរសរបស់អ្នក... ហើយធ្វើជាអ្នកកសាងឯកភាព និងសន្តិភាព ”។
សម្តេចប៉ាបក៏បាន អំពាវនាវ និង ជំរុញឱ្យមានភាតរភាពនៅក្នុងពិភពលោកដែលបែកបាក់ នៅក្នុងចរន្តនៃប្រជាជាតិពហុនិយម ភាសា និងសាសនាជាច្រើន។
នាឱកាសនោះសម្តេចប៉ាបបានសំដែងនូវ មោទនភាពចំពោះប្រពៃណីនៃការអត់ឱន និងការរួមរស់ជាមួយគ្នា ជាប្រជាជាតិមួយដែលបានស្វែងរកមិត្ត និងសម្ព័ន្ធមិត្ត ហើយទ្រង់ក៏វាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខារួមគ្នាលើ សេចក្តីប្រកាសរួមមួយជាមួយមេដឹកនាំអ៊ីស្លាមនៃវិហារអ៊ីស្លាមIstiqlal ដែលជាវិហារអ៊ីស្លាមដ៏ធំបំផុតនៅអាស៊ីភាគអាគ្នេយ៍។
សម្តេចព្រះវរបិតាបានមានបន្ទួលទៀតថា "យើងទាំងអស់គ្នាមានតួនាទីក្នុងការជួយមនុស្សគ្រប់គ្នាឆ្លងកាត់ផ្លូវរូងក្រោមដីនៃជីវិតដោយភ្នែករបស់យើងបែរទៅរកពន្លឺ"៕