សម្តេចប៉ាបនឹងប្រកាសការតែងតាំងសន្តបុគ្គលវ័យក្មេងពីររូបនៅឆ្នាំ២០២៥
ទីភ្នាក់ងារព័ត៌មានកាតូលិកបាយរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នឹងប្រកាសតែងតាំងយុវជនពីររូប ជាសន្តបុគ្គលនៅក្នុងឆ្នាំ២០២៥ខាងមុខ ។
បុគ្គលដែលត្រូវបានតែងតាំងជាអ្នកដែលមានសុភមង្គលបំផុតទាំងពីរ គឺយុវជន កាឡូ អាគូទីស (Carlo Acutis) និង យុវជន ព្យែរ ចូចូ ហ្រ្វាសាទី (Pier Giorgio Frassati )។
យុវជនកាតូលិកពីរនាក់នេះត្រូវបានគេដឹងថា គឺជាអ្នកដែលបានលះបង់ជីវិតនិងជីវភាពដើម្បីតែសេចក្តី ស្រឡាញ់សម្រាប់ជំនឿដ៏រស់រវើករបស់ពួកគេ និងធ្វើជាសាក្សីចំពោះភាពវិសុទ្ធ។
តាមអ្វីដែលគេបានគ្រោងទុក ការតែងតាំង កាឡូ អាគូទីស អាចនឹងតែងតាំងនៅថ្ងៃទី ២៥ ដល់ ២៧ខែមេសា ឆ្នាំ២០២៥ ហើយ ការតែងតាំង ព្យែរ ចូចូ ហ្រ្វាសាទី អាចនៅក្នុងថ្ងៃទី២៨ ខែកក្កដាដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៥ ។
កាឡូ អាគូទីស ជាក្មេងជំទង់ជាតិអ៊ីតាលីដែលសរសេរកូដកុំព្យូទ័រ បានស្លាប់ដោយសារជំងឺមហារីកក្នុងឆ្នាំ ២០០៦ ។ យុវជនរូបនេះត្រូវបានគេស្គាល់ថា ជាអ្នកធ្វើឲ្យគេស្គាល់វត្តមានរបស់ព្រះយេស៊ូតាមរយៈអគ្គសញ្ញាព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត។ ក្នុងអាយុ៧ឆ្នាំ កាឡូតែងប្រាប់ម្តាយរបស់គាត់អំពីបំណងរបស់គាត់ថា គាត់ចង់រួបរួមជាធ្លុងតែមួយជាមួយព្រះយេស៊ូ។ នៅពេលចម្រើនវ័យ គាត់តែងធ្វើសក្ខីកម្មនាំមនុស្សនៅជុំវិញខ្លួនឲ្យជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងនិយាយប្រាប់មនុស្សគ្រប់គ្នាអំពីអ្វីដែលគាត់ជាប់ចិត្ត គឺអភិបូជា វត្តមានរបស់ព្រះយេស៊ូក្នុងព្រះកាយនិងព្រះលោកហិត និងស្ថានបរមសុខជាដើម។
ដោយឡែក ព្យែរ ចូចូ ហ្រ្វាសាទី ជាយុវជនជាតិអ៊ីតាលី បានស្លាប់នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ១៩២៥ ដោយសារតែជំងឺគ្រុនស្វិតដៃជើង ដែលបញ្ជាក់ដោយគ្រូពេទ្យថា គាត់បានឆ្លងវាពេលមើលថែអ្នកជំងឺនាសម័យនោះដែលមិនទាន់មានវ៉ាក់សាំងនៅឡើយ។ ក្នុងវ័យ១៧ឆ្នាំ ព្យែរ បានចូលរួមសកម្មភាពរបស់ក្រុមសន្តវ៉ាំងសង់ដឺប៉ូល ចំណាយពេលយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ជនពនេចរ និងក្រុមទាហានមកពីសង្គ្រាមលោកលើកទី១។ ៕