សម្តេចប៉ាបថា ការបង្កើតថ្មីគួរតែសង្កត់ធ្ងន់លើបញ្ហាសីលធម៌ និងទ្រឹស្តី
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ផ្ញើសាររបស់ទ្រង់ សម្រាប់ទិវានៃការអធិស្ឋានពិភពលោកដើម្បីថែរក្សាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ នាឆ្នាំ២០២៤នេះ ដោយអំពាវនាវឱ្យមនុស្សជាតិប្រែចិត្តគំនិត ព្រោះពួកគេកំពុងញ៉ាំញ៉ីដោយមហន្តរាយសង្រ្គាម និងកំណត់កម្រិតសីលធម៌លើការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។
ទិវានៃការអធិស្ឋានពិភពលោកដើម្បីថែរក្សាស្នាព្រះហស្តរបស់ព្រះជាម្ចាស់នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១ ខែកញ្ញា នេះ ហើយនៅក្នុងសារនោះសម្តេចប៉ាបបានសង្កត់ធ្ងន់ជាពិសេស អំពីការបំពានលើធម្មជាតិរបស់មនុស្សជាតិ ដែលទាមទារឱ្យផ្លាស់ប្តូរពិតប្រាកដ ហើយអញ្ជើញអស់គ្រីស្តបរិស័ទឱ្យផ្លាស់ប្តូររបៀបរស់នៅដោយគោរពធម្មជាតិ។
ក្នុងសារលិខិតដដែល សម្តេចប៉ាបបានអំពាវនាវសម្រាប់ព្រឹត្តិការណ៍ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០២៤ ថា ប្រធានបទឆ្នាំនេះគឺ “ក្តីសង្ឃឹម និងសកម្មភាពជាមួយស្នាព្រះហស្ដព្រះជាម្ចាស់” ដកស្រង់ចេញពីសាររបស់សន្តប៉ូលផ្ញើជូនគ្រីស្តបរិស័ទនាទីក្រុមរ៉ូម ដែលបានពន្យល់ពីអត្ថន័យនៃការរស់នៅតាមព្រះផ្លូវវិញ្ញាណ ដោយផ្តោតលើ សេចក្តីសង្ឃឹមនៃការសង្រ្គោះដ៏ពិតប្រាកដ ដែលកើតចេញពីជំនឿ ការផ្លាស់ប្តូរឈ្មោះថ្មី និងការរស់នៅតាមមាគ៌ាររបស់ព្រះគ្រីស្ត។
សារដែលចុះហត្ថលេខាដោយសម្តេចប៉ាប នៅថ្ងៃទី ២៧ ខែមិថុនា ត្រូវបានបំបែកជាប្រាំបួនផ្នែក ដែលទាំងអស់នេះបង្ហាញពីការទទួលខុសត្រូវរបស់យើងក្នុងការថែរក្សាផ្ទះរួមរបស់យើង។ សម្តេចប៉ាបបញ្ជាក់ថា យើងជាគ្រីស្តបរិស័ទបានត្រាស់ហៅឲ្យរស់នៅក្នុងជំនឿ និងចិត្តសប្បុរស ថែរក្សាបរិស្ថានដែលជាកិច្ចការដែលធ្វើដោយសេរីភាពតាមការទូន្មានអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ។
សម្តេចប៉ាបបានសំដែងក្តីសោកស្ដាយដោយសង្កេតថា បរិស្ថានធម្មជាតិរបស់យើង បានក្លាយជាទាសករដោយគ្មានកំហុស ។
សម្តេចប៉ាបបានពិពណ៌នាថា ការបំពានធម្មជាតិ គឺជាការបំផ្លាញដោយខ្លួនឯង ដូច្នេះការសង្គ្រោះដែលជាក្តីសង្ឃឹមដ៏ប្រាកដមួយសម្រាប់ស្នាព្រះហស្ដ គឺសង្គមដែលមានសិរីភាពនិង ស្មើភាពទាំងអស់គ្នានៅចំពោះមុខព្រះជាម្ចាស់។
ក្នុងនោះដែរសម្តេចប៉ាបបានរំលេចអំពីបញ្ញាសិប្បនិម្មិត ដោយលើកឡើងថា ត្រូវមានតម្រូវការជាបន្ទាន់ កំណត់ក្រមសីលធម៌លើការអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តនេះ ចាប់តាំងពីសមត្ថភាពរបស់វាសម្រាប់ការគណនា និងការក្លែងបន្លំត្រូវបានប្រើប្រាស់សម្រាប់ត្រួតត្រាលើមនុស្សជាតិ និងធម្មជាតិ ជំនួសឱ្យការប្រើប្រាស់សេវាកម្មសន្តិភាព និងការអភិវឌ្ឍន៍រួម៕