សម្តេចប៉ាបតែងតាំងលោកអភិបាលពីររូបប្រចាំនៅព្រះសហគមន៍ពីរនៅឥណ្ឌា
វិទ្យាវ៉ារីតាសអាស៊ីបានរាយការណ៍ថា នៅក្នុងខែកុម្ភៈឆ្នាំ២០២៤ នេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានធ្វើការតែងតាំងលោកអភិបាលនៃព្រះសហគមន៍ពីរនៅក្នុងប្រទេសឥណ្ឌា ។
សម្តេចប៉ាបបានតែងតាំងលោកបូជាចារ្យ កាណាម ដាមេន កុមារ (Karnam Dhaman Kumar) គឺជាអភិបាលនៃព្រះសហគមន៍ណាលហ្គុងដា (Nalgonda) ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
លោកអភិបាលថ្មី ត្រូវបានគេដឹងថា កើតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៦៣ នៅរដ្ឋអានដ្រា ប្រាដេសប្រទេសឥណ្ឌា ហើយបានក្លាយជាបូជាចារ្យនៅក្នុងថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩០ និង បានបម្រើកិច្ចការព្រះសហគមន៍ជាច្រើន ដោយរួមទាំងជានាយកសាលាទេវវិទ្យាល័យ ផងដែរ ។
ដោយឡែក លោកបូជាចារ្យ សាជីលី ប្រាកាស (Sagili Prakash) ក៏ត្រូវបានសម្តេចប៉ាបតែងតំាងជាអភិបាលនៃព្រះសហគមន៍ខាំម៉ាំ (Khammam) ដែលជាព្រះសហគមន៍មួយស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាផងដែរ ។
លោកបូជាចារ្យកើតនៅថ្ងៃទី២ ខែ មករា ឆ្នាំ១៩៥៧ និងបានក្លាយជាបូជាចារ្យនៅក្នុងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ១៩៨៤ ដោយធ្លាប់បានដឹកនាំកិច្ចការព្រះសហគមន៍ជាច្រើនដោយរាបតាំងពីកិច្ចការយុវជនជ ហើយចុងក្រោយនៅមុនតែងតាំងជាអភិបាល លោក គឺជាអ្នកសម្របសម្រួលក្រុមការងារអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌាទទួលបន្ទុកផ្នែកសុខភាព៕