សម្តេចប៉ាបតែងតាំងបុគ្គលពីររូបសម្រាប់កិច្ចការសន្តអាសនៈ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានសម្រេចចិត្ត​តែងតាំង ឥស្សរជនពីររូបចូលទៅក្នុងរចនាសម្ព័ន្ធនៃការងារដឹកនាំកិច្ចការសន្តអាសនៈ​។

ប្រភពដដែលបានឲ្យដឹងថា លោក​អគ្គអភិបាល កាឡូ ម៉ារៀ ប៉ូលវ៉ានី (Monsignor Carlo Maria Polvani)ត្រូវបានតែងតាំងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ វប្បធម៌ និងការអប់រំ និង  លោកអភិបាល ហ្វីលីប៉ូ ស្វាមផាណេលី (Filippo Ciampanelli ) ជាអនុរដ្ឋមន្រ្តីក្រសួងទទួលបន្ទុកកិច្ចការសាសនាព្រះសហគមន៍​ភូមិភាគបូព៌ា។

លោកអគ្គអភិបាល​​ កាឡូ ម៉ារៀ ប៉ូលវ៉ានី ជាជនជាតិអ៊ីតាលី កើតនៅទីក្រុងមីឡាន ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ១៩៦៥ ជាអ្នកដែលបានបញ្ចប់ការសិក្សាបណ្ឌិតផ្នែកជីវគីមី ក៏ដូចជាបណ្ឌិតច្បាប់ព្រះសហគមន៍កាតូលិក និង អនុបណ្ឌិតលើជំនាញនីតិសាស្រ្តនិងចិត្តវិទ្យាផងដែរ។​ លោក​​ជាមន្រ្តីការទូតរបស់សន្តអាសនៈនៅក្នុងឆ្នាំ១៩៩៩​  និងធ្លាប់ធ្វើជា​ឯកអគ្គរាជទូតនៅ​ប្រទេសម៉ិកស៊ិក។

រីឯលោកអភិបាល​​​ហ្វីលីប៉ូ ស្វាមផាណេលី ក៏ជាជនជាតិអ៊ីតាលី ដែលកើតនៅទីក្រុង ណូវ៉ារ៉ា (Novara) នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៩៧៨ ហើយបានបម្រើការជាមន្រ្តីទូតនៅបណ្តាប្រទេសអឺរ៉ុបខាងកើត ដូចជា​ ប្រទេសចយចៀ អាមេនី អាហ្សែបៃហ្សង និង បេឡារុសជាដើម៕​

Daily Program

Livesteam thumbnail