សម្តេចប៉ាបតែងតាំងគ្រូគង្វាលថ្មីប្រចាំនៅនិវេសនដ្ឋានរបស់ទ្រង់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាសតែងតាំងលោក បូជាចារ្យ រ៉ូបឺតូ ប៉ាសូលីនី (Roberto Pasolini) ដែលជាអ្នកប្រាជ្ញខាងព្រះគម្ពីរជា គ្រូគង្វាលប្រចាំនៅនិវេសនដ្ឋានរបស់ទ្រង់កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅមុនតែងតាំងលោកបូជាចារ្យ ជាសាស្រ្តាចារ្យផ្នែកព្រះគម្ពី នៅមហាវិទ្យាល័យទ្រឹស្ដីនៃភាគខាងជើងនៃប្រទេសអ៊ីតាលីក្នុងទីក្រុង មីឡាន ។
ប្រភពដដែលបានអះអាងថា សម្រាប់តួនាទីនិងការទទួលខុសត្រូវថ្មី គឺលោកបូជាចារ្យត្រូវទទួលបន្ទុកផ្តល់សេចក្តីអធិប្បាយព្រះគម្ពី និង ច្បាប់ព្រះសហគមន៍នៅរៀងរាល់ថ្ងៃដែលពាក់ព័ន្ធនឹងសម្តេចប៉ាប ។
លោកបូជាចារ្យ ត្រូវបានគេដឹងថា គឺជាបុគ្គលគន្លឹះដ៏សំខាន់ ដែលបានទទួលភារៈបន្តពី លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា (Cardinal Raniero Cantalamessa) ដែលបានទទួលបន្ទុកកិច្ចការនេះ តាំងតែពីឆ្នាំ១៩៨០ ក្រោមការដឹកនាំរបស់សម្តេចប៉ាបបីអង្គ ។
លោកបូជាចារ្យនឹងបន្តកិច្ចការនេះ ពីលោកកាឌីណាល់ ដែលមកដល់ពេលនេះ លោកមានអាយុ៩០ ឆ្នាំ ទៅហើយ និង ជាក្លាយជាមគ្គុទ្ទេសក៍ខាងវិញ្ញាណសម្រាប់មនុស្សរាប់លាននាក់តាមរយៈសៀវភៅ ការបង្រៀន និងកម្មវិធីអប់រំជំនឿតាមទូរទស្សន៍របស់លោក។
លោក បូជាចារ្យ រ៉ូបឺតូ ប៉ាសូលីនី ជាជនជាតិអ៊ីតាលី កើតនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ហើយត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៦ ។
បន្ទាប់ពីទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកទ្រឹស្ដីព្រះគម្ពីរពីសាកលវិទ្យាល័យ ហ្រ្គីហ្គោរៀន (Gregorian) ក្នុងទីក្រុងរ៉ូម លោកបានបម្រើការជាសាស្រ្តាចារ្យនៃភាសា និងព្រះគម្ពីរ នៅវិទ្យាស្ថានសាសនាអន្តរខេត្ត (Laurentianum) ក្នុងទីក្រុង មីឡាន និងទីក្រុង វឺនីស៕