សម្តេចប៉ាបដាក់កម្មវិធីយាងទស្សនកិច្ចនៅលុចសំបួរ និងបែលហ្ស៊ិក
នាយកការិយាល័យព័ត៌មានសន្តអសនៈ លោក ម៉ាតេអូ ប្រូនី (Matteo Bruni ) បានបញ្ជាក់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនឹងយាងដំណើរទស្សនៈកិច្ចលើកទី៤៦ របស់ទ្រង់នៅអឺរ៉ុប ។
តាមវ៉ាទីកង់ញូវ លោក ម៉ាតេអូ ប្រូនី បានផ្តល់ព័ត៌មានលម្អិតអំពីការយាងធ្វើដំណើរទី៤៦ របស់សម្តេចប៉ាបថា ទ្រង់នឹងយាង ទៅកាន់ប្រទេសលុចសំបួ និងបែលហ្ស៊ិក ក្រោមប្រធានបទនៃសន្តិភាព ។
លោកបានបញ្ជាក់ថា សម្តេចប៉ាប នឹងចាប់ផ្តើមដំណើរនេះ នៅថ្ងៃទី ២៦ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយផ្តោតលើការធ្វើចំណាកស្រុក ភាពអាសន្ននៃអាកាសធាតុ និងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ តួនាទីរបស់ គ្រឹស្តសាសនានៅក្នុងសង្គម និងការចូលរួមចំណែកនៅក្នុង ការអប់រំគ្រិស្តបរិស័ទ។
លោកបានបន្តថា កម្មវិធីនៃដំណើរទស្សនៈកិច្ចនេះគឺត្រូវបានកំណត់ដោយចំណាប់អារម្មណ៍របស់ទ្រង់ចំពោះការប្រារព្ធខូប ៦០០ ឆ្នាំនៃសាកលវិទ្យាល័យ Catholic University of Louvain ដែលជាស្ថាប័នអប់រំចំណាស់បំផុតដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៤២៥ ។
ដោយឡែកចំពោះព័ត៌មានសុខភាពរបស់សម្តេចប៉ាប ដែលទ្រង់បានលុបចោលកម្មវិធីនានានៅថ្ងៃច័ន្ទ នោះ លោក ម៉ាតេអូ ប្រូនី បានបញ្ជាក់ថា មិនមានព័ត៌មានបន្ថែមនៅឡើយ តែគម្រោងកម្មវិធីទស្សនៈកិច្ច គឺនៅដដែល ។
គួររំលឹកថា សាកលវិទ្យាល័យ Catholic University of Louvain ក៏ជាទីកន្លែងដែលសម្តេចប៉ាបយូហាន ប៉ូលទី ២ យកធ្វើជាគោលដៅបំពេញទស្សនៈកិច្ចនៅប្រទេសទាំងពីរកាលពីឆ្នាំ១៩៨៥ ផងដែរ ។