សម្តេចប៉ាបជំរុញឱ្យដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំព្រោះវិជ្ជាជីវៈ

សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានការដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ពន្ធនាគារ ព្រោះតែវិជ្ជាជីវៈ។
ការអំពាវនាវរបស់សម្តេចប៉ាបឡេអូ បានធ្វើឡើងក្នុងជំនួបរបស់ទ្រង់ជាមួយអ្នកសារព័ត៌មានប្រមាណជា ៦.០០០ នាក់ ដែលបានមកចូលរួមផ្សព្វផ្សាយអំពីដំណើរការជ្រើសរើសសម្តេចប៉ាបកាលពីសប្តាហ៍មុន។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា «ការឈឺចាប់របស់អ្នកសារព័ត៌មានដែលកំពុងជាប់ពន្ធនាគារ គឺជាប្រឈមនឹងសតិសម្បជញ្ញៈរបស់ប្រទេស និងសហគមន៍អន្តរជាតិ ដូចនេះខ្ញុំ អំពាវនាវឱ្យយើងទាំងអស់គ្នាការពារអំណោយដ៏ថ្លៃថ្លានៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»។
នាឱកាសនោះដែរ សម្តេចប៉ាបឡេអូ ក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយនូវអ្វីដែលជាសារសម្រាប់សន្តិភាព ប្រឆាំងនឹងសង្រ្គាម ហើយព្យាយាមផ្តល់សំឡេងដល់អ្នកដែលគ្មានសំឡេង។
សម្តេចប៉ាបឡេអូក៏បានយកឱកាសនោះ សម្ដែងនូវចំណងសាមគ្គីភាពជាមួយអ្នកសារព័ត៌មានជុំវិញពិភពលោក។
សម្តេចប៉ាបបានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់អ្នកសារព័ត៌មាន ដែលការតស៊ូនិងប្រថុយប្រថានជីវិតដើម្បីរាយការណ៍អំពីសង្រ្គាម ដោយទ្រង់បានបញ្ជាក់ថា «ទូលបង្គំជាខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះភាពក្លាហានរបស់អ្នកសារព័ត៌មាន ដែលតស៊ូដើម្បីយុត្តិធម៌និងធានានូវសិទ្ធិនៅក្នុងការទទួលព័ត៌មាន»៕
Daily Program
