សម្តេចប៉ាបចេញក្រឹត្យរៀបចំភូមិភាគនៃទីក្រុងរ៉ូមឡើងវិញ
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានចេញនូវក្រឹត្យមួយនៅក្នុងគោលបំណងរៀបចំភូមិភាគនៃទីក្រុងរ៉ូមឡើងវិញ ដើម្បីឲ្យព្រះសហគមន៍នៅក្នុងភូមិភាគនេះមានស្ថានភាព កាន់តែប្រសើរ សម្រាប់កម្មវិធីអប់រំជំនឿ និង លើកកំពស់កម្មវិធីផ្សេងៗ ។
តាមក្រឹត្យនោះសម្តេចប៉ាប បានសម្រេចរៀបចំរចនាសម្ព័ន្ធភូមិភាគនៃទីក្រុងរ៉ូមឡើងវិញដោយដាក់ការរួមបញ្ចូលគ្នានូវតំបន់ទាំង៥ នៅជុំវិញទីក្រុងរ៉ូម ឲ្យក្លាយជាតំបន់តែមួយ ដើម្បីធ្វើឱ្យទីក្រុងរ៉ូមក្លាយជាមជ្ឈមណ្ឌលនៃជំនឿមួយកាន់តែទូលំទូលាយ ។
ប្រភពដដែលបានបន្តថា ក្រឹត្យនោះត្រូវបានសម្តេចប៉ាបឡាយព្រះហត្ថលេខាតាំងពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ ដោយកំណត់ឡើងវិញនូវព្រំប្រទល់នៃអាណាខេត្តនៅក្នុងភូមិភាគនៃទីក្រុងរ៉ូម ដើម្បីឱ្យមានភាពចុះសម្រុងគ្នាកាន់តែប្រសើរឡើងចំពោះព្រះសហគមន៍កាតូលិក និងបរិបទជុំវិញព្រះសហគមន៍ ។
នៅក្នុងក្រឹត្យនោះ សម្តេចប៉ាបបានពន្យល់ថា នៅពេលដែលឆ្នាំ នៃអំណរសប្បាយនិងឆ្នាំនៃក្តីសង្ឃឹម ២០២៥ កំពុងតែខិតជិតមកដល់វាពិត"ចាំបាច់ និងបន្ទាន់" ដើម្បីវាយតម្លៃឡើងវិញនូវតួនាទី អប់រំនិងកសាងជំនឿនៅក្នុងព្រះសហគមន៍នេះទាំងមូល ។
សម្តេចប៉ាបក៏បានកត់សម្គាល់ថា ការវាយតម្លៃឡើងវិញនេះត្រូវបានជំរុញដោយការផ្លាស់ប្តូរវប្បធម៌នៃពេលវេលារបស់ព្រះសហគមន៍ និងតម្រូវការក្នុងការបង្កើតទំនាក់ទំនងដ៏ស្វាហាប់រវាងទីក្រុងរ៉ូម និងតំបន់ជុំវិញ ។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ចេតនានៅពីក្រោយការផ្លាស់ប្តូរនេះ គឺដើម្បីលើកកម្ពស់ ស្មារតីនៃការរួបរួមសាសនាដែលមិនធ្លាប់មាន។