សម្តេចធិបតី៖ អង្គមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ នឹងក្លាយជាកាតាលីករ សម្រាប់ការបំផុសគំនិតច្នៃប្រឌិត
អង្គមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ នឹងក្លាយជាឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។
សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា។
នេះជាការបង្ហាញក្តីសង្ឃឹមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រធានបទ(Rising Together) នេះពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗ ជាដើម។
ជាការពិតណាស់ កាលៈទេសៈលំបាកបែបនេះ ងាយស្រួលនឹងធ្វើឱ្យយើងបាត់បង់នូវក្តីសង្ឃឹម ហើយថែមទាំងអាចឱ្យយើងក្លាយជាមនុស្សបុគ្គលនិយម ។
សម្តេចថា ៖ «កាលៈទេសៈបែបនេះ ក៏អាចធ្វើឱ្យយើងភ្លេចផងដែរថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន ព្រោះថា ពិភពលោកទាំងមូល ជាពិសេស យុវជនគ្រប់ៗរូប ក៏ចំាបាច់ត្រូវចងចាំផងដែរថា យើងទាំងអស់គ្នារួមក្នុងជោគវាសនាតែមួយ ហើយមានតែកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងនូវអនាគតមួយ ដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន»។
ក្នុងស្មារតីនេះ សម្តេចក៏បានក្រើនរំលឹកទៅកាន់យុវជនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀតថា យុវជននេះហើយជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ។
សម្តេចថា ៖ «អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្ត ជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះ បាន ឬមិនបាន»។
ក្នុងន័យនេះ, ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គ មជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច។
កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្នជាជាតិមួយមានសន្តិភាពពេញលេញ ហើយប្រាង្គប្រាសាទដ៏ល្អឯកដូចជាប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង បាននិងកំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។
បរិវត្តកម្មដ៏ប្រសើរនេះ ពិតណាស់ជាលទ្ធផលដែលកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគវាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម។
ពេលនេះ ជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះ បង់កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយដែលទស្សនៈរបស់យើងមិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ។
សម្តេចធិបតីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតទាំងមូលនឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ ជាមួយគ្នា