សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

នាព្រឹកថ្ងៃទី៧ ខែមិថុនានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោ​យ លោក Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគម​នាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង។

ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោ​ល​បំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។

ដោយឡែក សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់​លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា។

សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ៕

Daily Program

Livesteam thumbnail