សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គ្មានការលួចឯកភាពកាត់ដីខ្មែរ ឲ្យទៅថៃនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាព នៅក្នុងការកាត់ទឹកដី ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជា ណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយ នឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៣ តុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនបងប្អូនខ្លះៗ អំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោល ការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។

សម្ដេចធិបតី បន្ដថា បញ្ហាដែលកើតមានឡើង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើង ពីការប្រើប្រាស់ លួសបន្លានិងកង់ឡាន របស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយ ចំនួនរបស់ ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាក ដល់ប្រជាពលរដ្ឋដែលរង គ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅ ក្នុងភូមិទាំងពីរ ។ បញ្ហានេះក៏បានបង្ក នូវភាពតានតឹង ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេស ដែលតាមដានបញ្ហានេះ។

សម្ដេចធិបតី បន្ថែមថា គោលដៅ របស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណា ដើម្បីទប់សភាពការណ៍ ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហា នៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការ ដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់ មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយ ហិង្សាណាមួយ មិនត្រឹមតែ មិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផល ប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។

សម្ដេចធិបតី ក៏បានយល់ពីអារម្មណ៍របស់បងប្អូន ប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រ ជាក់ដែលរាជរដ្ឋាភិបាល បានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាន នូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ខណ:ដែល ការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និង គិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃ បានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់ តែមានអារម្មណ៍ថា ប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះរហូតដល់មាន ការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជា បានលួចឯកភាពកាត់ដីខ្មែរអោយគេដើម្បីប្ដូរយកបទឈប់បាញ់ឬ កិច្ចព្រមព្រៀងសន្តិភាព។

សម្ដច នាយកដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅ ក្នុងការកាត់ទឹកដី ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជា ណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការ ចរចាបទឈប់បាញ់ឬការចរចា សន្តិភាពនោះទេ ។ កម្ពុជាមិនរំលោភបំពាន លើដែនអធិបតេយ្យ និងបូរណភាពទឹកដី របស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជា ក៏មិនយល់ព្រមឱ្យមានការរំលោភបំពាន លើដែនអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជានោះដែរ» ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា បញ្ហាព្រំដែន គឺជាបញ្ហា ដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំ មកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នា តាមបណ្ដោយព្រំដែន ដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ ។ ប៉ុន្តែការដោះស្រាយណាមួយ ដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការ ដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា នៅក្នុងន័យនេះ ការងារ វាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ច របស់គណ:កម្មាធិការព្រំដែន ចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ ៕

 

 

Daily Program

Livesteam thumbnail