សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប ដែលអំពាវនាវឱ្យពិភពលោក «ប្រកាន់យកសន្តិភាព»

ក្នុងលិខិតចុះថ្ងៃទី១២ ខែឧសភានេះ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាចេញសារគាំទ្រសម្តេប៉ាបឡេអូទី១៤ ទាក់ទងនឹងការអំពាវនាវរបស់ព្រះអង្គ ស្តីពី សន្តិភាព ដែលបានធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ក្រោយពេលព្រះអង្គត្រូវបានបោះឆ្នោតជ្រើសរើសជាសម្តេចប៉ាបទី២៦៧ បន្តវេនពីសន្តសិលា។

ក្នុងសារលិខិតដែលបានផ្ញើទៅកាន់ដូនជីតេរេស រ៉ាហ្វាអែឡា ពេទ្រីនី (Raffaella Petrini) ជាប្រមុខនៃបុរីវ៉ាទីកង់ សម្តេចតេជោ បានរៀបរាប់ថា «ការអំពាវនាវរបស់សម្តេចប៉ាប បានរន្ទឺយ៉ាងខ្លាំងក្លាក្នុងដួងចិត្តរបស់សហគមន៍កាតូលិកខ្មែរគ្រប់រូប។»

ក្នុងនោះដែរ សម្តេចតេជោបានបន្ថែមថា លោកតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជាតិ និងប្រជាជននានា «ដើម្បីសន្តិភាព យុត្តិធម៌ និងការផ្សះផ្សារជាតិ»។

ក្នុងនោះដែរសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាក៏បានជូនពរដល់សម្តេចប៉ាបឡេអូ សូមឲ្យទទួលបានព្រះពរពីព្រះជាម្ចាស់ ទាំងកម្លាំងកាយនិងប្រាជ្ញាផងដែរ។

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលកាលពីថ្ងៃទី៨ ខែឧសភានៅទីលានសន្តសិលា ទៅកាន់គ្រីស្តបរិស័ទរាប់ម៉ឺននាក់ដែលកំពុងរង់ចាំសេចក្តីប្រកាសអំពីលទ្ធផលបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី បន្ទាប់ពីអតីតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានចូលទិវង្គតកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។

សម្តេចប៉ាបឡេអូទី១៤ ជាសម្តេច ប៉ាបដំបូងគេដែលមានដើមកំណើតអាមេរិក សម្តេចបានមានបន្ទូលលើកដំបូង គឺទាក់ទងនឹងការប្តេជ្ញាចិត្ត ដើម្បីដឹកនាំ និងណែនាំប្រជាជននិងព្រះសហគមន៍នៅក្នុងសកលលោកឲ្យ «រួមគ្នាកសាងទំនាក់ទំនង និងការចូលរួមគ្នាជាប្រជាជនតែមួយដោយសន្តិភាព»។

ក្នុងនោះដែរសម្តេចប៉ាបមានបន្ទូលសូមឲ្យគ្រីស្តបរិស័ទរួមគ្នាដើម្បីធ្វើជាព្រះសហគមន៍នៃសាសនទូត ព្រះសហគមន៍ដែលជាស្ពាននិងចេះទំនាក់ទំនង ព្រះសហគមន៍ដែលតែងតែបើកដៃស្វាគមន៍អស់មនុស្សដែលមានសេចក្តីត្រូវការការសង្គ្រោះ ត្រូវការវត្តមាននិងសេចក្តីស្រឡាញ់របស់យើង ហើយដែលតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនា៕

ដោយកែវកញ្ញា

Daily Program

Livesteam thumbnail