សម្តេចតេជោ ហ៊ុន សែន៖ ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ​ដែល​សម្រេចបានដោយលំបាកបំផុត

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវអនុសាសន៍​ដល់គ្រ​ប់អង្គការចាត់តាំងរបស់គណបក្ស ពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់​ដោយត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែល​សម្រេចបានដោយលំបាកបំផុត។

សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងដូចនេះនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីអនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២ ០០០ នាក់។

សម្តេច​ក៏បាន​ណែនាំឱ្យបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ដោយសម្ដេចតេជោ បានបញ្ជាក់ថា សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។

សម្តេចថ្លែងថា ៖ «បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹ​ងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ»។

សម្តេចថា នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ ត្រូវតាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។

ប្រធានគណបក្សប្រជាជន បានលើកឡើងបន្តថា ត្រូវ​បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោ​យត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថលឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសជម្រុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ ប្រព័ន្ធអនឡាញ ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការជាបន្ទាន់។​

សម្តេចបញ្ជាក់ថា ៖ «ត្រូវ​បន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្ត​ភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រ​ទេ​​សជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក»។

ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ បានកោតសរសើរដល់ការប្រមូលចំណូល និង បានជម្រុញការយកចិត្តទុកដាក់ប្រមូលចំណូលអោយអស់លទ្ធភាពបន្ថែមទឿត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបាន ប្រកាសអោយការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជម្រុញអោយយកចិត្តទុកដាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធអោយបានខ្លាំង។

សម្ដេចតេជោ ក៏បានកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជម្រុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនអោយចំគោលដៅ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ៕

 

Daily Program

Livesteam thumbnail