សមាជិកសភាអាម៉េរិកទស្សនកិច្ចនៅកម្ពុជាផ្តោតលើការគ្រប់គ្រង«ជំងឺរាតត្បាត»
សមាជិកសភាសហរដ្ឋអាម៉េរិក លោក Brad Wenstrup មកពីខាងគណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Ohio ដែលជាប្រធានអនុគណៈកម្មាធិការសភាទទួលបន្ទុកជំងឺរាតត្បាតកូវីដ ១៩ និងទីប្រឹក្សាផ្នែកបុគ្គលិក ២ រូប បានមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ដើម្បីជួបជាមួយមន្ត្រីសុខាភិបាលជាន់ខ្ពស់កម្ពុជា និង ទស្សនាគម្រោងសុខាភិបាលសាធារណៈដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ទស្សនកិច្ចនេះផ្តោតលើកិច្ចសហការរួមគ្នា ប្រកបជោគជ័យ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា ដើម្បីកសាងសមត្ថភាពក្នុងការការពារ តាមដាន និងឆ្លើយតបនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ។
ក្នុងអំឡុងពេលទស្សនកិច្ច លោកតំណាងរាស្រ្ត Wenstrup បានជួបជាមួយមន្ត្រីសុខាភិបាលជាន់ខ្ពស់កម្ពុជា រួមទាំងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង រ៉ា មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ការពិភាក្សាបានផ្តោតលើការឆ្លើយតបប្រកបដោយជោគជ័យរបស់កម្ពុជា ចំពោះជំងឺ COVID-19 ព្រមទាំងជំងឺផ្តាសាយបក្សី H5N1 ដែលបានកើតឡើងថ្មីៗនេះ និងរបៀបដែលគេទាញយកជាមេរៀន សម្រាប់ត្រៀមប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ និងការគំរាមកំហែងផ្នែកសុខភាព ទៅអនាគត។
គណៈប្រតិភូបានទស្សនាគម្រោងសំខាន់ៗដែលគាំទ្រដោយរដ្ឋាភិបាលអាម៉េរិក ដោយបង្ហាញពីផលប្រយោជន៍នៃការវិនិយោគ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខផ្នែកសុខភាព នៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគាំទ្រដោយទីភ្នាក់ងារផ្តល់ជំនួយអាម៉េរិក USAID មជ្ឈមណ្ឌលប្រយុទ្ធ និង បង្ការជំងឺឆ្លងអាម៉េរិក CDC និង វិទ្យាស្ថានជាតិសុខាភិបាលអាម៉េរិក។
អ្នកស្រី Walker ភារធារីស្ថានទូតអាម៉េរិក បានមានប្រសាសន៍ថា ៖ «វាជាកិត្តិយសសម្រាប់យើងដែលលោក Wenstrup ធ្វើទស្សនកិច្ចនៅកម្ពុជា ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការកែលម្អសុខាភិបាលសាធារណៈនៅកម្ពុជា» ។ ជំងឺមិនដែលស្គាល់ព្រំដែនទេ ដូច្នេះការសហការរវាងប្រទេសរបស់យើង ដើម្បីលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល រឹតតែមានសារៈសំខាន់ខ្លាំងថែមទៀត»។
គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកវិនិយោគប្រមាណ ៤២ លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីគាំទ្រវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការងារ ដែលមានការសម្របសម្រួលគ្នា នៃទីភ្នាក់ងារជាច្រើន។ ភាពជាដៃគូនេះមានតួនាទីសំខាន់ក្នុងការកែលម្អសមត្ថភាពរបស់កម្ពុជា ក្នុងការដោះស្រាយការគំរាមកំហែងមកលើសុខភាពសាធារណៈ ដោយរួមចំណែកដល់ការការពារសន្តិសុខផ្នែកសុខាភិបាលនៅក្នុងតំបន់និងនៅថ្នាក់ជាតិ ក៏ដូចជាការពារសន្តិសុខជាតិរបស់អាម៉េរិក៕