សមាជនៃអង្គការសហប្រជាជាតិនៅពេលផ្ទុះអំពើហិង្សាហូរហៀនៅមជ្ឈិមបូព៌ា
ចាប់តាំងពីថ្ងៃអង្គារ មេដឹកនាំច្រើនជាង ១០០នាក់ នៅក្នុងពិភពលោកទាំងមូលកំពុងស្ថិតនៅ ទីក្រុងញូយ៉កដើម្បីចូលរួមសម័យប្រជុំសមាជ ឆ្នាំ២០២៤ នៃអង្គការសហប្រជាជាតិ។ សេចក្តីសង្កត់ធ្ងន់គឺ នៅលើការឆាបឆេះជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
កិច្ចប្រជុំដ៏ធំប្រចាំឆ្នាំនៃអង្គការសហប្រជាជាតិ ចាប់ផ្តើមនៅថ្ងៃអង្គារទី២៤ ខែកញ្ញា នៅ ទីក្រុង ញូយ៉ក ជាមួយនិងការភ័យខ្លាចនៃសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរីករាលដាលតានតឹង និងដែលគ្របដណ្តប់លើសម័យប្រជុំនៃសមាជ។
បន្ទាប់ពី ២ថ្ងៃ នៃកិច្ចប្រជុំកំពូលសម្រាប់អនាគតដែលឧទ្ទិសទៅដល់បញ្ហាប្រឈមធំៗ របស់មនុស្សជាតិសម្រាប់ជំនាន់ក្រោយដែលនឹងមកដល់ ប្រមុខរដ្ឋ និងរដ្ឋាភិបាល ជាង ១០០រូប នឹងឡើងថ្លែងសន្ទរកថា បន្តបន្ទាប់គ្នារយៈពេល ១សប្តាហ៍ នៅក្នុងសមាជដែលត្រូវធ្វើឲ្យស្រអាប់ដោយជម្លោះនានាដ៏បំផ្លិចបំផ្លាញ ជាពិសេស នៅលីបង់ និងនៅក្នុងដែនដីហ្គាហ្ស៉ា។
លោករីឆាត ហ្គ៉ូវ៉ាន់ ពីក្រុមវិបត្តិអន្តរជាតិ បានអធិប្បាយថា ៖ ”នៅឆ្នាំនេះ ការសង្កត់ធ្ងន់គឺនៅលើបញ្ហានៃសង្រ្គាម និងសន្តិភាព ជាពិសេស នៅតំបន់ហ្គាហ្ស៉ា អ៊ុយក្រែន និងស៊ូដង់។”
នៅមជ្ឈិមបូព៌ា ការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេបូឡាលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង បានធ្វើឲ្យមានមនុស្សស្លាប់ជិត ៥០០នាក់ កាលពីថ្ងៃចន្ទ។ នេះគឺជាថ្ងៃដែលបង្ហូរឈាមខ្លាំងបំផុតក្នុងរយៈពេលជិត ១ឆ្នាំ នៃការបាញ់តទល់រវាងភាគីទាំងពីរ ខាងក្រៅសង្រ្គាមនៅហ្គាហ្ស៉ា។
លោកចូ បាយឌិន ដែលបានបញ្ជាក់ឡើងវិញ ថា នឹងធ្វើការដើម្បីបន្ថយភាពតានតឹង បានឡើងថ្លែងកាលពីព្រឹកថ្ងៃអង្គារដែលជាសេចក្តីថ្លែងសន្ទរកថាចុងក្រោយរបស់លោកនៅសមាជនៃអង្គការសហប្រជាជាតិ។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អាម៉េរិក បានប្រាប់ឲ្យដឹងថា សហរដ្ឋអាម៉េរិកប្រឆាំងនឹងការឈ្លានពានដីគោកទៅលើលីបង់ និងទៅបង្ហាញគំនិតជាក់ស្តែងសម្រាប់ដៃគូរបស់ខ្លួននៅសប្តាហ៍នេះនៅអង្គការសហប្រជាជាតិដើម្បីសម្រាលជម្លោះ។
ប្រធានាធិបតីអ៊ីរ៉ងថ្មី លោកម៉ាសូដ ប៉េហ្សេស្ហគៀន ដែលប្រទេសរបស់លោកគាំទ្រ ក្រុមហេបូឡា និងក្រុមហាម៉ាស ក៏ឡើងថ្លែងសន្ទរកថា ដំបូងនៅអង្គការសហប្រជាជាតិ។ កាលពីថ្ងៃចន្ទ លោកបានចោទប្រកាន់អ៊ីស្រាអែលថាបានព្យាយាមពង្រីកជម្លោះនៅមជ្ឈិមបូព៌ា។
ចំណែកលោកប្រមុខការទូតអឺរ៉ុប លោកចូសេព បូរ៉េល បានព្រមានថា ៖”យើងនៅគែមនឹងផ្ទុះសង្រ្គាមទាំងស្រុងនៅលីបង់។”
យោងតាមប្រភពការទូតនានា បានឲ្យដឹងថា កាលពីថ្ងៃអង្គារ តាមការស្នើសុំរបស់អ៊ុយក្រែន ដែលភ័យខ្លាចថា សង្រ្គាមរបស់ពួកគេនឹងមិនចប់នៅឆ្នាំនេះ ក្រុមប្រឹក្សាសន្តិសុខនឹងជួបប្រជុំលើសំណុំរឿងអ៊ុយក្រែនដោយមានវត្តមានរបស់ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី។
មេដឹកនាំអ៊ុយក្រែន ដែលត្រូវឡើងបញ្ចេញមតិនៅថ្ងៃពុធ នៅសមាជ បានអំពាវនាវកាលពីថ្ងៃចន្ទ ឲ្យគ្រប់ប្រទេសបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមរបស់អ៊ុយក្រែនអំពីអនាគតមួយដែលមានសន្តិភាព។ លោកបានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានលួចយកសន្តិភាព ប៉ុន្តែគាត់មិនអាចលួចយកអនាគតពិភពលោកបានទេ។ ហើយលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏ត្រូវបង្ហាញនៅសប្តាហ៍នេះ ទៅកាន់សមភាគីអាម៉េរិករបស់លោកនូវផែនការដើម្បីជ័យជម្នះរបស់អ៊ុយក្រែន”។
លោករីឆាត ហ្គ៉ូវ៉ាន់ បញ្ជាក់ថា ការទូតពិតប្រាកដដើម្បីកាត់បន្ថយជម្លោះនឹងកើតមានឡើងនៅក្រោយឆាក។ លោកប្រហែលអាចព្យាករអំពីលទ្ធភាពសម្រាប់ការទូតលោកខាងលិច និងអារ៉ាប ដើម្បីពិភាក្សាជាមួយអ៊ីរ៉ងដើម្បីរាំងខ្ទប់ស្ថានភាពតំបន់កុំឲ្យក្លាយទៅជាលែងគ្រប់គ្រងបាន។