សមាគមសាកលវិទ្យាល័យកាតូលិកឥណ្ឌូណេស៊ី អំពាវនាវឱ្យមានការបោះឆ្នោតសកលដោយសេរី និងយុត្តិធម៌
សមាគមនៃសាកលវិទ្យាល័យកាតូលិកឥណ្ឌូនេស៊ីបានសម្តែងការព្រួយបារម្ភរបស់ខ្លួនអំពីការបោះឆ្នោតសកលនាពេលខាងមុខនៅក្នុងប្រទេស ហើយបានអំពាវនាវឱ្យមានការបោះឆ្នោត «សេរី និងយុត្តិធម៌»។
សមាគមនៃសាកលវិទ្យាល័យកាតូលិកឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងអំឡុងពេលការបោះឆ្នោតទូទៅដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សមាគមនេះបានលើកឡើងថា៖ «យើងជាក្រុមសកលវិទ្យាធិការ ដែលជាសមាជិកនៃសមាគមសាកលវិទ្យាល័យកាតូលិកឥណ្ឌូនេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលក្ខខណ្ឌនៅក្នុងប្រទេសកំណើតជាទីស្រឡាញ់របស់យើង ទាក់ទងនឹងការបំផ្លាញប្រព័ន្ធច្បាប់ និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈដែលការបោះឆ្នោតទូទៅនឹងប្រព្រឹត្តទៅ»។
សមាគមក៏អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងការ រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៤ សូមអោយរៀបចំការបោះឆ្នោតប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ ស្មោះត្រង់ និងយុត្តិធម៌។
ពួកគេបានលើកឡើងថា ប្រធានាធិបតី និងបុគ្គលិកទាំងអស់របស់គាត់ត្រូវតែរៀបចំរដ្ឋាភិបាលដោយផ្អែកលើគោលការណ៍នៃអភិបាលកិច្ចល្អ និងគោរពសច្ចាប្រណិធានរបស់ពួកគេ អនុវត្តតាមតួនាទី និងមុខងារសំខាន់ៗរបស់ពួកគេ ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជនឥណ្ឌូនេស៊ី តាមរយៈការប្រយុទ្ធប្រឆាំងនឹងការឃុបឃិត អំពើពុករលួយ និងបក្ខពួកនិយម និងការអនុវត្តច្បាប់ដោយមិនប្រើការរើសអើង ហើយលើកកម្ពស់ក្រមសីលធម៌ក្នុងការងាររបស់ខ្លួន។
សមាគមបានជំរុញឱ្យអ្នករៀបចំការបោះឆ្នោតធានាឱ្យមានការបោះឆ្នោតជាសាធារណៈដោយស្មោះត្រង់ និងយុត្តិធម៌ ដោយអនុញ្ញាតឱ្យអ្នកបោះឆ្នោតគ្រប់រូបមានសិទ្ធិបោះឆ្នោតដោយសេរីតាមមនសិការរបស់ពួកគេ ដោយគ្មានសម្ពាធណាមួយឡើយ៕