សមយុទ្ធ «នាគមាស» លើកទី៦ ឆ្នាំ២០២៤ រយៈពេល១៥ថ្ងៃ បានចាប់ផ្តើមហើយ នាព្រឹកនេះ
សមយុទ្ធ «នាគមាស» លើកទី៦ ឆ្នាំ២០២៤ បានចាប់ផ្តើមធ្វើក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌» ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ខែដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ពិធីនេះ ធ្វើឡើងនាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។
សមយុទ្ធនេះ បានធ្វើឡើងរវាងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានប្រមាណជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត។
ពិធីបើកសមយុទ្ធនាគមាសនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងភាគីចិន លោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
លោក ប៉ែន សុក្រិតវិទ្យា ប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីកម្ពុជា បានថ្លែងក្នុងពិធីនោះថា ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងការពារជាតិ គណៈបញ្ជាការ គណៈកម្មការដឹកនាំសមយុទ្ធនាគមាស២០២៤ បានធ្វើការប្រុងប្រៀប និងដំណើរការសមយុទ្ធ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ និងកិច្ចប្រតិបត្តិការទៅវិញទៅមកលើកិច្ចការមនុស្សធម៌ គ្រោះមហន្តរាយ ការប្រឆាំងភេរវកម្មតាមច្បាប់អន្តរជាតិ និងមិនមានការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៦ ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឡើងលើទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូង កាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។
លោកបានបញ្ជាក់ថា ចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។
ដោយឡែកគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន រថក្រោះ រថពាសដែក រថយន្តគ្រប់ប្រភេទចំនួន ៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀត ហើយសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន០២គ្រឿង។
លោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងឱ្យដឹងដែរថា ការធ្វើសមយុទ្ធរួមគ្នាគឺជាវិធានការមួយនូវការអនុវត្តកូសង់ស៊ីសសំខាន់របស់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបានថ្លែងថា ៖ «យើងជឿជាក់ថាសមយុទ្ធឆ្នាំនេះ ពិតជាអាចទទួលបានភាពជោគជ័យ និងប្រកបដោយសុវត្ថិភាព»។
ចំណែក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងដែរថា សមយុទ្ធនាគមាសប្រចាំឆ្នំារវាងកងយោធពលខេមរភូមិន្ទជាមួយនឹងកងទ័ពរំដោះប្រជាជនចិន នៅឆ្នាំ២០២៤នេះ ត្រូវបានពង្រឹងពង្រីកទំហំកាន់តែធំ និងខ្លឹមសារកាន់តែស៊ីជម្រៅ រួមនឹងចំនួនយោធិន យោតបករកាន់តែមានច្រើន និងទំនើបជាងឆ្នាំមុនៗ។
លោកបានបញ្ជាក់ថា ៖ «សមយុទ្ធនាគមាសឆ្នាំនេះ មិនត្រឹមតែសមយុទ្ធកម្រិតកងទ័ពជើងគោក និងកងទ័ពជើងគោកនៅលើដីគោកប៉ុណ្ណោះទេ តែមានការពង្រីកទៅដល់លំហសមុទ្រដែលមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន ផងដែរ»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា ៖ «ខ្ញុំសង្ឃឹមថាសមយុទ្ធនាគមាសនេះ នឹងបន្តការរីកចម្រើន និងពង្រីកទៅដល់កងទ័ពជើងអាកាស និងទ័ពជំនាញផ្សេងៗទៀតនៅថ្ងៃអនាគត»។
សូមបញ្ជាក់ដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងតាំងពីឆ្នាំ២០១៦ គឺបានចំនួន៦ លើករួចមកហើយ ប៉ុន្តែភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅឆ្នាំ២០២១-២០២២ ដែលប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩៕