សមយុទ្ធយោធាថ្មីរបស់ចិននៅជុំវិញកោះតៃវ៉ាន់

កាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ ប្រទេសចិនបានចាប់ផ្តើមនូវថ្ងៃទី២ នូវសមយុទ្ធយោធាថ្លែងការ​បិទកំពង់ផែតៃវ៉ាន់ ហើយបើតាមប្រទេសចិន គឺដើម្បីបញ្ជូនសារព្រមានដ៏ម៉ឺងម៉ាត់ ទៅកាន់ តៃវ៉ាន់។ ចំណែកតៃវ៉ាន់ក៏ដឹកនាំលំហាត់យោធា​វាយ​បករហ័សវិញដែរ។

យោងតាមអ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មានបារាំង នៅភីងតាន ដែលជាកោះរបស់ចិន​ដែលស្ថិតនៅជិតបំផុតនិងកោះធំតៃវ៉ាន់ បានឲ្យដឹងថស គេបានឃើញការបាញ់គ្រាប់រ៉ូកែត​ជាច្រើន​​គ្រាប់ផ្ទុះ​នៅលើអាកាសនៅប្រមាណម៉ោង ៩ ព្រឹក​ដែលបន្សល់ទុកនូវស្រទាប់ផ្សែង​ពណ៌​​ស។

ចំណែករដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានថ្លែងថា យោធាតៃវ៉ាន់ចាប់ដានសញ្ញា​យន្តហោះចិន​ចំនួន ១៣០ គ្រឿង ព្រមទាំងនាវាចម្បាំង ២២គ្រឿង នៅជុំវិញកោះ​តៃវ៉ាន់​ក្នុងរយៈពេល ២៤​ម៉ោង។ នេះគឺជាចំនួនយន្តហោះចម្បាំងចិនដែលកើនឡើងច្រើន​បំផុត​​ដែលទទួលសញ្ញាបាន​ក្នុង​មួយថ្ងៃ ចាប់តាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីប្រកាសមួយនៃបញ្ជាការតំបន់ប្រតិការសឹកបូព៌ា របស់ PLA កងទ័ពរំដោះ​ប្រជាជន​ចិន បានឲ្យដឹងថា តាមផែនទីបានបង្ហាញឲ្យឃើញនូវលំហអាកាសចំនួន ៥ នៅ​ជុំវិញ​កោះតៃវ៉ាន់ ដែលចិនមានគម្រោងនឹងបាញ់គ្រាប់ពិត ឬនឹងត្រូវរៀបចំឡើងនៅម៉ោង ៨ ១៨​នាទី​ ម៉ោងនៅក្នុងតំបន់ នៅក្នុងក្របខណ្ឌនៃលំហាត់យោធា ដែលត្រូវបានដាក់ឈ្មោះថា “បេសកកម្មយុត្តិធម៌ឆ្នាំ២០២៥”។

កាលពីថ្ងៃចន្ទ លោកអនុសេនីយ៍ឯកស្ហ៊ី យី អ្នកនាំ​ពាក្យនៃបញ្ជាការចិន បានបញ្ជាក់ថា កងទ័ព​ចិនផ្តោចអារម្មណ៍លើការល្បាតត្រៀមប្រយុទ្ធ​នៅលំហ និងសមុទ្រ ការដណ្តើមរួមគ្នា​នូវ​​ប្រៀប​​​ខ្លាំង​ទាំងស្រុង ការបិទខ្ទប់កំពង់ផែ និងតំបន់​គន្លឹះ ព្រមទាំងការកម្លាគ្រប់ទិស​លើ​សត្រូវ។ មន្រ្តី​យោធា​រូបនេះ បានវិនិច្ឆ័យថា លំហាត់សមយុទ្ធយោធា គឺជាការព្រមាន​ធ្ងន់ៗ និង​ផ្ញើសារ​សម្រាប់​កងកម្លាំងបំបែកខ្លួន ឯករាជ្យរបស់តៃវ៉ាន់ ហើយសមយុទ្ធក៏មាន​​សកម្មភាព​ស្រប​ច្បាប់ និងចាំបាច់ សម្រាប់ការថែរក្សាអធិបតេយ្យភាព និងឯកភាពជាតិ​នៃ​ចិន”។

ចំណែកតៃវ៉ាន់ បានថ្លែងថា តំបន់ខ្លះដែលត្រូវកំណត់ដោយប្រទេសចិនសម្រាប់​ការធ្វើ​សមយុទ្ធ ស្ថិតនៅមិនដល់ ១២ម៉ាយ ប្រវែងលើទឹក ឬប្រមាណជា ២០គម ពីឆ្នេរតៃវ៉ាន់​។

កាលពីថ្ងៃចន្ទ តៃវ៉ាន់បានប្រាប់ថា តៃវ៉ាន់ក៏មានការដឹកនាំធ្វើលំហាត់​យោធាវាយ​បក​រហ័ស​មួយ​ផង​ដែរ និងបានប្រកាសថា បានចាប់ដានសញ្ញាយន្តហោះប្រយុទ្ធ​ចំនួន ៨៩ គ្រឿង ព្រម​ទាំង​​នាវា​ចម្បាំង ២៨​គ្រឿង និងនាវាឆ្មាំឆ្នេរចិន ដែលនៅជិតដែនដីរបស់ខ្លួន។ លោកស្រី​ការ៉េន គួ អ្នកនាំពាក្យនៃ​ប្រធានាធិបតី​តៃវ៉ាន់ បានមានប្រតិកម្មថា ៖ “ដោយឆ្លើយតបនឹងការ​ម៉ាកងាយ​របស់អាជ្ញាធរ​ចិន​ចំពោះច្បាប់អន្តរជាតិ និងការប្រើប្រាស់យោធា​របស់​ពួកគេ​​ដើម្បី​គំរាម​កំហែងប្រទេសជិតខាង តៃវ៉ាន់សូមសម្តែង​នូវការថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់”។

ចំណែកប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បាននិយាយថា លោកមិនបានព្រួយបារម្ភ​ចំពោះ​ការ​ធ្វើសមយុទ្ធទាំងនេះឡើយ និងបញ្ជាក់ថា លោកមិនជឿថា សមភាគីចិនរបស់លោក លោក​ស៊ី ជីនពីង អាចបញ្ជាឲ្យមានការឈ្លានពាននោះទេ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរប​ស់ខ្លួន និងគំរាមថា នឹងប្រើកម្លាំង​យោធា​​ដើម្បីដណ្តើមយក។ ភាពតានតឹងនៅក្នុងច្រកសមុទ្រត្រូវបានកើនឡើងវិញ បន្ទាប់ពី​មាន​​ការ​លក់អាវុធដ៏សម្បើមរបស់ទីក្រុងវ៉ាស៊ីនតុន​ ទៅឲ្យទីក្រុងតៃប៉ិកាលពីពាក់កណ្តាលខែធ្នូ ដែលជា​លើកទី២ ចាប់តាំងពីការត្រឡប់មកកាន់អំណាចរបស់លោកដូណាល់ ត្រាំ នៅ​អាម៉េរិក ជាមួយ​ទំហំទឹកប្រាក់ ១១,១ ពាន់លានដុល្លារ ដែលជាទំហំនៃការលក់ដ៏ធំបំផុត ចាប់​តាំង​ពី​ឆ្នាំ​២០០១។  

 

Daily Program

Livesteam thumbnail