សមត្ថកិច្ចបញ្ជូនលោក លី សាម៉េតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់
អតីតទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លី សាម៉េត ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តនីតិវិធីច្បាប់។
លោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោក លី សាម៉េត ត្រូវបានបញ្ចូនខ្លួនពីផ្ទះកូនមួយកន្លែងនៅខេត្តព្រះសីហនុ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ការចូលខ្លួនសារភាពរបស់លោក លី សាម៉េត នេះ បន្ទាប់ពីប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ឱ្យសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនចេញវីដេអូសុំទោសក៏ដោយ។
សូមរម្លឹកដែរថា លោកលី សាម៉េត ហៅគ្រូមា បានយកឈ្មោះសម្តេច ហ៊ុន សែន ឆបោកអ្នកដទៃមានទឹកប្រាក់រាប់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមរបស់សម្តេចកាលពីថ្ងៃទី៤ ខែវិច្ឆិកាថា ទោះបីជាលោកលី សាម៉េត សុំទោសសារភាពកំហុសក៏ដោយ ក៏មិនអាចរួចខ្លួននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ»។
សម្តេចបញ្ជាក់ថា ៖ «លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»៕