សព​របស់​សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូត្រូវ​បាន​យក​ទៅតម្កលនៅវិសាលវិហារបាស៊ីលីកាសន្តសិលា

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ សពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានផ្ទេរពីវិមានកាសាសន្តី​​ម៉ាថា ទៅកាន់វិសាលវិហារបាស៊ីលីកាសន្តសិលា ដើម្បីឲ្យគ្រីស្តបរិស័ទនិងភ្ញៀវអន្តរជាតិគោរពវិញ្ញាណក្ខន្ធទ្រង់ជាចុងក្រោយរហូតដល់ថ្ងៃសៅរ៍។

ពិធីនៃការផ្ទេរសពពីវិមានកាសាសន្តី​ម៉ាថា ទៅកាន់វិសាលវិហារសន្តសិលាបាស៊ីលីកា ត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកកាឌីណាល់ ខេវិន ហ្វារ៉េល (Kevin Farrell) រួចជាមួយនឹងពិធី អធិស្ឋានខ្លីៗដើម្បីគោរពវិញ្ញាក្ខន្ធរបស់ទ្រង់។

នៅក្នុងឱកាសនោះ លោកកាឌីណាល់ បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ដែលបានប្រទាន​សម្តេចប៉ាបមកបម្រើព្រះសហគមន៍កាតូលិកនៅរ៉ូមអស់រយៈពេលជាង ១២ ឆ្នាំ។  ពិធីនេះបានទាក់ទាញការចូលរួមដោយគ្រីស្តបរិស័ទមកពីគ្រប់ទិសទីជាង ២ ម៉ឺននាក់។

បន្ទាប់ពីសពរបស់សម្តេចប៉ាបត្រូវបានតម្កល់រួចរាល់នៅវិសាលវិហារបាស៊ីលីកាសន្តសិលារួចរាល់ គ្រីស្តបរិស័ទបាននាំគ្នាបន្តទៅគោរពវិញ្ញាក្ខន្ធទ្រង់ជាបន្តបន្ទាប់រហូតដល់ពាក់កណ្តាលអាធ្រាត​។​ នៅថ្ងៃព្រហស្បតិ៍កម្មវិធីនឹងបន្តពីម៉ោង៧ព្រឹកដល់ពាក់កណ្តាលអាធ្រាត ​ប៉ុន្តែដល់ថ្ងៃសុក្រគឺកម្មវិធីចាប់ផ្តើមត្រឹមម៉ោង៧ព្រឹកដល់៧ល្ងាចប៉ុណ្ណោះ។​

បន្ទាប់មកពិធីបុណ្យសពរបស់ទ្រង់ នឹងប្រារព្ធជាផ្លូវការឡើងនៅទីលាន​សន្តសិលានៅថ្ងៃសៅរ៍ទី ២៦ ខែមេសា វេលាម៉ោង ១០ ព្រឹក ក្រោមការដឹកនាំកម្មវិធីដោយលោកកាឌីណាល់ ជីអូវាន់នី បាទីស្តា (Giovanni Battista) ដោយមានការចូលរួមពីអស់លោកកាឌីណាល់ លោកអគ្គអភិបាល អភិបាល បូជាចារ្យ បងប្រុង បងស្រីនិង គ្រីស្តបរិស័ទនានា។

នៅចុងបញ្ចប់នៃពិធីបុណ្យនេះ សពរបស់សម្តេចប៉ាបនឹងត្រូវដង្ហែទៅកាន់វិសាលវិហារបាស៊ីលីកាសន្តសិលា ហើយបន្ទាប់ត្រូវដង្ហែបន្ត ទៅកាន់​ទីលានសន្តីម៉ារីមេជ័ បាស៊ីលីកា ( Basilica of St. Mary Major) ជាកន្លែងដែលទ្រង់ នឹងត្រូវបញ្ចុះនៅទីនោះ៕

Daily Program

Livesteam thumbnail