សពពលករខ្មែរស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរថៃ បានរកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង មានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រសួងការងារបានបញ្ជាក់បន្ថែមថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានក្ដីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខ និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ក្នុងឧទ្ទវហេតុគ្រោះរញ្ជួយដីនេះ។ យើងខ្ញុំ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញទៅដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិនៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។ ទន្ទឹមនេះ ក្រុមការងារក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន បាននិងកំពុងជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ក្នុងករណីមានការបញ្ជាក់ជាផ្លូវការណាមួយពី អាជ្ញាធរមានសមត្ថកិច្ចថៃ៕


Daily Program
