សន្តអាសនៈប្រកាសអំពីករណីអបិយជំនឿមួយនៅប្រទេសអ៊ីតាលី
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រសួងគ្រប់គ្រងគោលលទ្ធិនៃជំនឿបានសម្រេចលើសេចក្តីសម្រេចចិត្តមួយ គាំទ្រទស្សនវិនិច្ឆ័យរបស់ក្រុមប្រឹក្សាលោកអភិបាលព្រះសហគមន៍កាតូលិកអ៊ីតាលីទាក់ទងនឹងករណីអបិយជំនឿមួយនៅក្នុងប្រទេសនេះ ។
ប្រភពដដែលបានអះអាងថា ក្រសួងគ្រប់គ្រងគោលលទ្ធិនៃជំនឿនៃសន្តអាសនៈបានចេញសេចក្តីប្រកាសមួយ ទាក់ទងនឹងសុពលភាពយុត្តាធិការ នៃក្រឹត្យមួយដែលចេញដោយលោកម៉ាកូ សាលវី ( Marco Salvi ) អភិបាលនៃព្រះសហគមន៍ ស៊ីវីតា កាស្តេឡាណូ ( Civita Castellano) នៅ ប្រទេសអ៊ីតាលី ដែលបដិសេធនូវទស្សនៈអរូបីដែលលើកឡើងដោយលោស្រី ជីសេឡា ខាឌៀ ( Gisella Cardia )និងស្វាមីរបស់លោកស្រី ។
ករណីនេះត្រូវបានផ្សព្វផ្សាយតាំងតែពីឆ្នាំ២០១៦ នៅពេលដែលលោកស្រី ជីសេឡា បានអះអាងថា ព្រះនាងព្រហ្មចារិនី ម៉ារី បានបង្ហាញខ្លួននៅចំពោះមុខនាង នៅក្នុងចម្ការដែលលោកស្រីបានអធិដ្ឋានអស់រយៈពេលរាប់ឆ្នាំ។
លោកស្រីក៏បានអះអាងថា លោកស្រីបានប្រាស្រ័យទាក់ទងនឹងព្រះនាងម៉ារី ហើយករណីនេះក៏បានល្បីសុះសាយ រហូតដល់អាជ្ញាធរមូលដ្ឋានបើកការស៊ើបអង្កេត ពីបទក្លែងបន្លំ ដើម្បីហេតុផលអ្វីមួយ៕