សន្តអាសនៈអំពាវនាវឱ្យបន្តការចរចាសន្តិភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសលើកទី ៣៧ របស់​ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅហ្សឺណែវបាន រំលឹកឡើងវិញនូវការអង្វរកររបស់សម្តេចប៉ាប សម្រាប់សន្តិភាពនៅភាគខាងកើតនៃ​សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោរនិងសម្រាប់ការការពារជនស៊ីវិល។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលក្រុមឧទ្ទាម M23 បានកំពុងបន្តការវាយលុក​នៅភាគខាងកើត​នៃប្រទេសនេះ សន្តអាសនៈនៅតែសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" ចំពោះ​អំពើហិង្សាដែល​បាន​កើត​ឡើង ហើយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់​សម្តេចប៉ាបឲ្យទីនោះឈានដល់​ការបញ្ឈប់ជាបន្ទាន់នូវភាពវឹកវរ និងដើម្បីការពារប្រជាជនស៊ីវិល។

ក្នុងរយៈពេលមួយខែកន្លងមកនេះ ពួកឧទ្ទាមដែលគាំទ្រដោយប្រទេស រ៉ូវ៉ាន់ដា បានពង្រីកការគ្រប់គ្រងរបស់ពួកគេ​លើអណ្តូងរ៉ែសំខាន់ៗ ហើយគ្រប់គ្រង​​ខេត្ត​គីវូខាងជើង (North Kivu) ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់​ ដែល​គេ​ហៅ​ថា​ ​​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក។

កាលពីសប្តាហ៍មុន កងកម្លាំង M-23 បានដណ្តើមកាន់កាប់ទីក្រុង ហ្គោម៉ា (Goma)ដែលជាទីក្រុងធំបំផុតនៅភាគខាងកើត​កុងហ្គោ ហើយ​កំពុង​បន្តឆ្ពោះទៅភាគខាងត្បូង ដើម្បីច្បាម​ដណ្តើម​ទីក្រុង បូកាវូ (Bukavu ) ដែលជាទីប្រជុំជនខេត្តគូវូខាងត្បូងតែម្តង។

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ក៏បានបរិហារថា សូម្បីតែអ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ត្រូវបានសម្លាប់ ឬរងរបួសដែរ។

ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ សន្ត​អាសនៈ​ស្នើសុំ​ឱ្យ​បើក​អាកាសយានដ្ឋាន ហ្គោម៉ា ឡើងវិញជាបន្ទាន់ ដើម្បី​ជំនួយមនុស្សធម៌ និងការជម្លៀសអ្នករបួសធ្ងន់ធ្ងរបំផុតអាច​ធ្វើ​ទៅបាន។ ព្រលានយន្ត​ហោះ​នេះ​​បានបិទចាប់តាំងពី M23 ចូលកាន់កាប់ទីក្រុង កាលពី​ចុង​ខែ មករា​កន្លង​ទៅ៕

Daily Program

Livesteam thumbnail