សន្តអាសនៈវាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តន៍ថ្មីៗនៅស៊ីរីនិងលីបង់
នៅក្នុងបទសំភាសន៍ជាមួយនឹងវ៉ាទីកង់ញូវ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បានវាយតម្លៃដ៏ខ្ពស់ចំពោះដំណើរវិវត្តន៍ថ្មីៗដែលបានកើតមានឡើងនៅក្នុងប្រទេសពីរនៅមជ្ឈិមបូព៌ា គឺ ស៊ីរី និងលីបង់។
នៅក្នុងបទសំភាសន៍អំឡុងពេលស្ថិតនៅប្រទេសលីបង់កាលពីសប្តាហ៍មុន លោកកាឌីណាល់បានមានប្រសាសន៍ថា តាមអ្វីដែលលោកបានទទួល អ្វីដែលកើតឡើងនៅស៊ីរី គឺស្របតាមទិសដៅដែលសម្តេចប៉ាបសង្ឃឹមទុកនៅក្នុងសុន្ទរកថារបស់ទ្រង់ ទៅកាន់អង្គទូតនានាកាលពីពេលថ្មីៗនេះ។
លោកបានបន្តថា យើងសង្ឃឹមថាយុគសម័យថ្មីមួយអាចចាប់ផ្តើមសម្រាប់ប្រទេសស៊ីរី ដែលប្រជាពលរដ្ឋទាំងអស់នឹងមានសិទ្ធិ និងឯកសិទ្ធិដូចគ្នា ហើយយើងក៏សង្ឃឹមថារបបដឹកនាំថ្មីនឹងអនុវត្តតាមសកម្មភាព ដោយធានានូវការការពារសិទ្ធិរបស់ជនជាតិភាគតិច និងគ្រីស្តសាសនិកផងដែរ។
ដោយឡែកចំពោះការដែលប្រទេសលីបង់ អាចជ្រើសរើសប្រធានាធិបតីថ្មី លោកកាឌីណាល់ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយហើយថា វាជាសញ្ញាវិជ្ជមាននៅលីបង់។
លោកបានបន្តថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងតែងតែរក្សាថាវាមានសារៈសំខាន់ណាស់សម្រាប់ការបន្ត និងការរស់រានមានជីវិតរបស់ប្រទេសនេះ ដូចដែលវាមានរចនាសម្ព័ន្ធត្រឹមត្រូវ។
លោកឌីណាល់បានបន្តថា ក្រោយប្រទេសនេះមានមេដឹកនាំត្រឹមត្រូវហើយនោះ យើងសង្ឃឹមយ៉ាងមុតមាំថា ការបោះឆ្នោតនេះនឹងកំណត់ដំណាក់កាលថ្មីមួយសម្រាប់ប្រទេសលីបង់ ដែលកម្លាំងនយោបាយទាំងអស់រួមគ្នាស្វែងរកចំណុចរួម និងធ្វើការដើម្បីភាពល្អរបស់ប្រទេស ជាពិសេសសម្រាប់កំណែទម្រង់ដែលប្រទេសត្រូវការជាបន្ទាន់៕