សន្តអាសនៈលើកទឹកចិត្តឲ្យគោរពសេចក្តីថ្លៃថ្នូរមនុស្សដែលមានបម្រែបម្រួលក្រូមូសូម
លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ បានលើកទឹកចិត្តឲ្យមនុស្សជាតិយកចិត្តទុកដាក់គោរពសេចក្តីថ្លៃថ្នូរមនុស្សដែលពួកគេមានបញ្ហាសុខភាពដោយសារតែបម្រែបម្រូលក្រូមូសូម ។
លោកបានទទូចថា អ្នកដែលមានជំងឺបម្រែបម្រួលក្រូមូសូម និង អ្នករងគ្រោះទាំងអស់ ពួកគេគឺសុទ្ធតែមាន សេចក្តីថ្លៃថ្នូរ និងតម្លៃពិសិដ្ឋដូចគ្នានឹងមនុស្សដទៃទៀតដែរ ។
លោកបាន គូសបញ្ជាក់ថា ការរើសអើង និងការធ្វើរោគវិនិច្ឆ័យតាមរយៈការត្រួតពិនិត្យផ្ទៃពោះមុនសម្រាលរករោគសញ្ញានៃជំងឺនេះមិនគួរត្រូវបានលើកទឹកចិត្តឡើយ ។
លោកអគ្គអភិបាលបានលើកឡើងថា អ្នកជំងឺនេះពួកគេទាំងអស់គ្នា ដូចជាយើងទាំងអស់គ្នាដែរ មានសេចក្តីថ្លៃថ្នូរ និងតម្លៃដូចគ្នា ។
លោកអគ្គអភិបាលបានថែ្លងបែបនេះ នៅក្នុងទិវាមួយដែលគេរៀបចំសម្រាប់ជំងឺនេះកាលពីចុងសប្តាហ៍មុន ដើម្បីបញ្ជាក់អំពីសិទ្ធិរបស់អ្នកជំងឺនេះ៕