សន្តអាសនៈព្រួយបារម្ភអំពីការរំលោភច្បាប់អន្តរជាតិជាប្រព័ន្ធ​

ប្រមុខរដ្ឋាភិបាលនៃសន្តអាសនៈឬបុរីវ៉ាទីកង់ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានលើកឡើងដោយការព្រួយបារម្ភថា ពិភពលោកសព្វថ្ងៃហាក់កំពុងតែមាននិន្នាការលែង​គោរពច្បាប់មនុស្សធម៌​។  នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

លោកកាឌីណាល់ ព្រួយបារម្ភអំពី "ការរំលោភ​ច្បាប់អន្តរជាតិជាប្រព័ន្ធ" ជាពិសេសការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងការសម្លាប់បុគ្គលិកមនុស្ស​ធម៌។

លោកបានបញ្ជាក់ថា “យើងពិតជា​​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​​លើ​ច្បាប់​អន្តរជាតិជា​ប្រព័ន្ធ​”។

វ៉ាទីកង់ញូវបានរាយការណ៍ថា​ ចំណាប់អារម្មណ៍របស់លោកកាឌីណាល់ គឺធ្វើឡើងក្រោយពេលដែលពិភពលោកកំពុងប្រឈម​ជម្លោះផ្សេងៗជុំវិញពិភពលោក ជាពិសេសអំពើហិង្សាថ្មីៗនៅតំបន់ហ្គាហ្សា ដែល សម្តេចប៉ាបទើបតែ​បានថ្កោលទោសកាលពីម្សិលមិញតាមរយៈសាររបស់ទ្រង់​។​

លោកកាឌីណាល់បានប្រាប់អ្នកសារព័ត៌មានថា ការអំពាវនាវរបស់សម្តេចប៉ាប "គឺជាការអំពាវនាវឱ្យបញ្ឈប់សង្គ្រាម ដើម្បីស្វែងរកកិច្ច​សន្ទនា និងសន្តិភាព"។

លោកកាឌីណាល់ បាននិយាយថា "ថ្មីៗនេះ យើងបាននិយាយជាមួយកាកបាទក្រហម ហើយពួកគេក៏ជួបការលំបាកខ្លាំងដែរ។ ការទម្លាក់គ្រាប់បែកលើជនស៊ីវិល ការសម្លាប់បុគ្គលិកមនុស្សធម៌ ទាំងនេះគឺជាសកម្មភាពដែលផ្ទុយនឹងច្បាប់មនុស្សធម៌ ហើយសព្វថ្ងៃនេះ គ្មានគោរពច្បាប់មនុស្សធម៌ទេ។ នេះគឺជាដែនកំណត់ដ៏អស្ចារ្យមួយនៃសម័យកាលនេះ។

ជុំវិញការលើកឡើងបែបនេះស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​នៅសន្តអាសនៈ ​បាន​ឆ្លើយតប ​នៅ​ថ្ងៃ​ទី២៥ខែមីនា ​តាម​រយៈ​គណនី​របស់​ខ្លួន​នៅ​លើ​គេហទំព័រ X ដោយ​បញ្ជាក់​ថា ​អ៊ីស្រាអែល​កំពុង​អនុវត្ត ​ទៅ​តាម​ច្បាប់​អន្តរជាតិ៕

Daily Program

Livesteam thumbnail