សន្តអាសនៈនិងអាហ្សែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសន្ទនាអន្តរសាសនា

វ៉ាទីកង់ញូវបានរាយការណ៍ថា សន្តអាសនៈនិង ប្រទេសអាហ្សែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះសហគមន៍កាតូលិកនិងរដ្ឋ ទាក់ទងនឹងទំនាក់ទំនងអន្តរជំនឿ។
ប្រភពដដែលបានឲ្យដឹងថា ទម្រាំភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនេះ គឺបានឆ្លងកាត់ ការពិភាក្សានិងចរចារតាំងឆ្នាំ២០១១។
ប្រភពដដែលបានបន្តថា នេះគឺជាឯកសារតាមទម្រង់ការច្បាប់មួយ ដើម្បីលើកកំពស់កិច្ចសន្ទនាអន្តរសាសនាដោយការគោរពគ្នាទៅវិញទៅមករវាងរដ្ឋទាំងពីរ។
អនុស្សារណៈនេះត្រូវបានចុះនៅក្រោមវត្តមាននៃអាជ្ញាធរអាហ្សែបៃហ្សង និង លោកកាឌីណាល់ ចច កូវ៉ាកាដ រដ្ឋមន្រ្តីទទួលបន្ទុកការសន្ទនាអន្តរសាសនា។
លោកកាឌីណាល់បានលើកឡើងថា ឯកសារនេះតំណាងឱ្យ "សញ្ញាច្បាស់លាស់នៃបំណងប្រាថ្នារួមគ្នាដើម្បីបន្តធ្វើការរួមគ្នាសម្រាប់ការបង្កើតសមាហរណកម្មរបស់មនុស្សគ្រប់រូប ក្នុងនាមជាអ្នកជឿ និងប្រជាពលរដ្ឋ"។
ជាងនេះទៅទៀតលោកកាឌីណាល់ កូវ៉ាកាដ បានសង្កេតឃើញថា ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ អាហ្សែបៃហ្សង់ បានបង្ហាញនូវបំណងរួមគ្នាក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងជាមួយនឹងសន្តអាសនៈ៕
Daily Program
