សន្តអាសនៈថា ពហុភាគីនិយមជាយន្តការដោះស្រាយបញ្ហាហ្រ្គីនឡែន
មន្រ្តីជាន់ខ្ពស់បំផុតនៃរដ្ឋបាលព្រះសហគមន៍កាតូលិកនៅបុរីវ៉ាទីកង់ បានប្រាប់អ្នកសារព័ត៌មានថា រឿងរ៉ាវចម្រូងចម្រាស់ទាក់ទងនឹងហ្រ្គីនឡែន ជាដែនដីស្វ័យយ័តក្រោមការគ្រប់គ្រងដោយដាណឺម៉ាក ដែលសហរដ្ឋអាមេរិកចង់ដណ្តើមគ្រប់គ្រង គួរដោះស្រាយដោយយន្តការពហុភាគី។
ជំហរនេះត្រូវបានបញ្ជាក់ដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ នៅពេលដែលត្រូវបានសំភាសន៍ដោយសារព័ត៌មានកាលពីពេលថ្មីៗនេះ។
លោកកាឌីណាល់បានលើកឡើងថា ដំណោះស្រាយដោយកម្លាំងមិនអាចប្រើប្រាស់បានទេ។ លោកក៏បាន រំលឹកឡើងវិញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការដែលបានកំណត់តាំងតែពីសម័យក្រោយសង្គ្រាមលោក និងដែលសព្វថ្ងៃនេះហាក់ដូចជាចុះខ្សោយជាលំដាប់។
លោកកាឌីណាល់បានមានប្រសាសន៍ថា ការដោះស្រាយជម្លោះ និងការអះអាងជំហរដោយកម្លាំង គឺមិនអាចទទួលយកបាន ហើយនឹងនាំពិភពលោកឱ្យកាន់តែខិតជិត ទៅរកសង្គ្រាមក្នុងនយោបាយអន្តរជាតិ៕