សន្តអាសនៈថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់សមភាពយេនឌ័រ

នៅពេលដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី ៣០ នៃការអនុម័តវេទិកាប៉េកាំងសម្រាប់សកម្មភាពសមភាពយេនឌ័រឆ្នាំ១៩៩៥ កាលពីចុងសប្តាហ៍មុននោះ សន្តអាសនៈបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការលុបបំបាត់ភាពក្រីក្រ និងអប់រំផ្តល់សិទ្ធិអំណាចដល់ស្ត្រីប្រកបដោយប្រសិទ្ធភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា គណៈកម្មការទី ៦៩ ស្តីពីស្ថានភាពស្ត្រីដែលគេបានរៀបចំនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនោះថា វេទិកានោះបានដាក់ចេញនូវរបៀបវារៈដ៏ទូលំទូលាយសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ហើយបានក្លាយជាមូលដ្ឋានគ្រឹះនៃគោលនយោបាយយេនឌ័រសកល ដោយសង្កត់ធ្ងន់ថា សមភាពយេនឌ័រមិនគ្រាន់តែជាបញ្ហារបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាកង្វល់ជាមូលដ្ឋាននៃសិទ្ធិមនុស្ស។
ការពិភាក្សាដែលគេបានធ្វើនៅទីក្រុងញូវយ៉កកាលពីចុងសប្តាហ៍មុននោះ គឺបានធ្វើការឆ្លុះបញ្ចាំងលើបញ្ហាប្រឈមបច្ចុប្បន្ន រារាំងការអនុវត្តវេទិកាសម្រាប់សកម្មភាព ដែលបានដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន រាប់ចាប់ពីភាពក្រីក្រ និងការអប់រំរហូតដល់សុខភាព អំពើហិង្សា និងការចូលរួមផ្នែកនយោបាយរបស់ស្រ្តី។
នាឱកាសនោះ លោកស្រី ហ្គាព្រីអែល ហ្គាំប៊ីណូ (Gabriella Gambino ) អនុរដ្ឋមន្រ្តីក្រសួងលើកគុណភាពនៃជីវិត គ្រួសារ និងគ្រហស្ថ បានបញ្ជាក់ជាថ្មីអំពីសេចក្តីថ្លៃថ្នូរ និងភាពស្មើភាពគ្នារបស់បុរស និងស្ត្រីថា វាជាគោលការណ៍មូលដ្ឋានមួយដែលឆ្លងកាត់កាលៈទេសៈ និងទទួលស្គាល់របស់សិទ្ធិមនុស្សជាយូរយារមកហើយ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានអះអាងថា សមភាពមិនអាចសម្រេចបានដោយគ្រាន់តែតាមរយៈការទទួលស្គាល់ផ្លូវច្បាប់ប៉ុណ្ណោះ ប៉ុន្តែត្រូវតែត្រូវបានគាំទ្រដោយលក្ខខណ្ឌសង្គម និងសេដ្ឋកិច្ចជាក់ស្តែង ដែលធានានូវឱកាសស្មើគ្នាសម្រាប់ស្ត្រី។
ឧបសគ្គចម្បងក្នុងការសម្រេចបានសមភាពពិត លោកស្រីបានអះអាងថា គឺភាពក្រីក្រ ដែលប៉ះពាល់ដល់ស្ត្រី និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ៕
Daily Program
