សន្តអាសនៈថា ការដោះលែងអ្នកទោសគុយបា ជាសញ្ញានៃក្តីសង្ឃឹមដ៏អស្ចារ្យ
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន ( Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បានហៅការដោះលែងអ្នកទោស ៥៥៣ នាក់ក្នុងប្រទេសគុយបា ថា "ជាសញ្ញានៃក្តីសង្ឃឹមដ៏អស្ចារ្យ" នៅដើមឆ្នាំនៃពិធីបុណ្យអំណរសប្បាយ។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា លោកកាឌីណាល់បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់គុយបា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលគុយបា បានលើកឡើងពី «ឆ្នាំមហាករុណាទិគុណ ២០២៥» និងបានកត់សម្គាល់ការសម្របសម្រួលរបស់សម្តេចប៉ាប ក្នុងការចរចារហូតដល់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រមដកគុយបាចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ហើយធានាការដោះលែងអ្នកទោសនយោបាយ។
លោកកាឌីណាល់បាននិយាយ ក្នុងអំឡុងពេលទស្សនកិច្ចនៅ ប្រទេសបារាំងថា «វាសំខាន់ណាស់ដែលអាជ្ញាធរទីក្រុង ហាវ៉ាណា បានភ្ជាប់ការសម្រេចចិត្តនេះដោយផ្ទាល់ទៅនឹងការអំពាវនាវរបស់សម្តេចប៉ាប»។
លោកបានមានប្រសាសន៍បន្តទៀតថា នេះគឺជាសញ្ញានៃក្តីសង្ឃឹមថ្មីក្រោយពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានសម្រាលទោសប្រហារជីវិតដល់អ្នកទោស៣៧នាក់ពីការប្រហារជីវិតមកត្រឹមដាក់គុកមួយជីវិត៕