សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនឈានដល់បរិបទថ្មី
សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនចាប់ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ បានកំពុងតែវិវត្តន៍ឈានចូលយុគសម័យថ្មី ដោយអ៊ុយក្រែនបើករង្វង់ប្រតិបត្តិការវាយប្រហារចូលទឹកដីរុស្ស៊ី ។
ទីក្រុងមូស្គូបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីក្រុងខាគីវដែលជាទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែនដែលបានសម្លាប់មនុស្ស ៣ នាក់ និងបន្សល់ទុកមនុស្សរាប់សិបនាក់នៅក្នុងមន្ទីរពេទ្យ។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សបីនាក់ រួមទាំងកុមារពីរនាក់ផងដែរ ត្រូវបានសម្លាប់ដោយការធ្លាក់កំទេចកំទី នៅពេលដែលកាំជ្រួចរបស់អ៊ុយក្រែនចំនួន ៥ គ្រាប់ត្រូវបានបាញ់ទម្លាក់នៅក្នុងទីក្រុង សេវេស្តូប៉ូល ( Sevastopol) ដែលជាទីក្រុងកំពង់ផែមួយក្នុងឧបទ្វីបគ្រីមៀ ហើយមនុស្សជិត ១០០ នាក់ត្រូវបានរាយការណ៍ថាបានរងរបួស។
នៅកន្លែងផ្សេងទៀត អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួសនៅក្នុងតំបន់បេលហ្គោរ៉ូត ( Belgorod) របស់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន នៅពេលដែលយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបីគ្រឿងបានវាយប្រហារទីក្រុងហ្រ្គេវូរុន ( Grayvoron)។
ទោះបីជាមានការបរាជ័យទាំងនេះក៏ដោយ ទីក្រុងម៉ូស្គូបានអះអាងថា ការការពារដែនអាកាសរបស់ខ្លួនអាចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៣ គ្រឿង ពីលើតំបន់ មួយចំនួន នៅភាគខាងលិចរបស់រុស្ស៊ី ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតនោះទេ។
ការវាយប្រហាររបស់អ៊ុយក្រែនបានកើតឡើងបន្ទាប់ពីមានទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅក្នុងក្រុង ខាគីវ ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។
យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី បានវាយប្រហារទីក្រុងនេះ ហើយក្រោយការវាយប្រហារក្រុមអ្នកជួយសង្គ្រោះបានព្យាយាមជួយជីវិតមនុស្សនៅក្នុងអគារលំនៅឋានដែលរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់បន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីបានវាយប្រហារលើប្លុកផ្ទះល្វែងប្រាំជាន់ ស្របពេលដែលមនុស្សជាង ៤០ នាក់ត្រូវបានគេរាយការណ៍ថានៅតែត្រូវបានព្យាបាលរបួសកាលពីថ្ងៃអាទិត្យ៕