សង្រ្គាមនៅអ៊ុយក្រែន ៖ ការលំបាករបស់ទីក្រុងគៀវសម្រាប់សង្រ្គាម
មិនថា នៅអាវឌីអ៊ីកា នៅលើដងទន្លេ ឌីនីប្រូ ក៏ប៉ុន្តែក៏ដូចជានៅស្ទើគ្រប់ទីកន្លែង នៅប្រទេស អ៊ុយក្រែន ទាហានអ៊ុយក្រែនបានប្រឈមមុខនឹងការវាយប្រហាររបស់រុស្ស៊ី ដែលកាន់តែលំបាកឡើងនឹងវាយរុញច្រានទៅវិញ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ២ឆ្នាំមកហើយ ដែលទាហានអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលបង្កឡើងដោយលោកវ្លាឌីមៀ ពូទីន។
ការខិតមកជិតដល់ឆ្នាំទី៣ នៃសង្រ្គាម ទាហានអ៊ុយក្រែន បានស្ថិតនៅក្នុងជំហរមានការលំបាក។ អ៊ុយក្រែនត្រូវបោះបង់ការគ្រប់គ្រង អាវឌីវអីវកា។ នេះគឺជាក្រុងឧស្សាហកម្មដែលស្ថិតនៅភាគខាងកើតនៃប្រទេស ដែលអ៊ុយក្រែនធ្លាប់ការពារយ៉ាងដាច់ខាតពីការវាយប្រហារមិនឈប់មិនឈរនៃទាហានរុស្ស៊ី នៅខណៈដែល អ៊ុយក្រែនប្រឈមនឹងការគាំទ្រពីលោកខាងលិចដែលជានិច្ចកាលមានភាពញញើតញញើម និងមិនគ្រប់គ្រាន់។
បើតាមលោក អូឡិចសាន តាកណាស្គី អគ្គមេបញ្ជាការអ៊ុយក្រែនប្រចាំតំបន់អាវឌីវអ៊ីកា បានឲ្យដឹងថា ទាហានរុស្ស៊ីចំនួន ៤៧០០០នាក់ បានស្លាប់ និងរបួស ក្នុងរយៈពេល ៤ខែនៃសមរភូមិ អាវឌីអ៊ីវកា។ នេះជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បាន។ ចំណែកប្រភពពីលោកខាងលិចវាយតម្លៃថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម តុល្យការបស់រុស្ស៊ី គឺមានទាហានប្រមាណ ៣៥០០០០នាក់ បានស្លាប់ និងរបួស។
ចំណែកខាងទាហានអ៊ុយក្រែន គេមិនដឹងច្បាស់អំពីចំនួនជនរងគ្រោះនោះទេ។ ក៏ប៉ុន្តែ ចំនួនទាហានរងគ្រោះក៏មានមិនតិចដែរ។ យោងតាមកាសែត ញូយ៉ក ថែម តាមការឲ្យព័ត៌មានពីទាហានអ៊ុយក្រែននៅសមរភូមិប្រតិបត្តិការ បានឲ្យដឹងថា ការដកថយគឺដើម្បីបញ្ចៀសពីគ្រោះថ្នាក់នៅអាវឌីអ៊ីកា នៅក្រោមការបាញ់ផ្លោងពីទាហានរុស្ស៊ី ហើយបានធ្វើឲ្យមានការចាប់ខ្លួន និងបាត់ខ្លួនរបស់ទាហានអ៊ុយក្រែននៅចន្លោះ ៨៥០នាក់ និង ១០០០នាក់។
ប៉ុន្តែយោងតាមវិទ្យាស្ថាននៃការសិក្សាសង្រ្គាម ISW ដែលសិក្សាអំពីជម្លោះជារៀងរាល់ថ្ងៃ បានឲ្យដឹងថា មិនមានភស្តុតាងណាមួយ សម្រាប់ទីតាំងរបស់អ៊ុយក្រែនដែលបង្ហាញការបាត់បង់ខូចខាតច្រើននោះទេ។ ហើយការផ្សព្វផ្សាយព័ត៌មានអំពីរបៀបដកថយរញ៉េរញ៉ៃបាក់ទ័ពរបស់អ៊ុយក្រែនពីអាវឌីអីកា គឺត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយដោយវិមានក្រឹមឡាំងដើម្បីពង្រីកឲ្យខ្ទរខ្ទារនូវជ័យជម្នះរបស់ខ្លួន និងព្យាយាមសាបព្រួសការមិនទុកចិត្តគ្នារវាងទាហានអ៊ុយក្រែន និងធ្វើការធ្វើឲ្យដាច់ចង្វាក់បញ្ជាការអ៊ុយក្រែនដែរ។
ចំណែកអ៊ុយក្រែន សម្រាប់ពេលនេះ គេមិនជឿទៅលើសមតិកម្មដែលរុស្ស៊ីអាចវាយបកក្នុងទ្រង់ទ្រាយធំឡើយ។ សម្រាប់អនុអគ្គមេបញ្ជាការអ៊ុយក្រែន លោករ៉ូឌីយ៉ុង គូឌ្រីយ៉ាស្ហ៊ូវ បានឲ្យដឹងថា ទាហានរុស្ស៊ីសព្វថ្ងៃមិនមានសមត្ថភាពបន្តវាយទៅមុខចេញពីអាឌីវអីវកានោះទេ យ៉ាងហោចណាស់ ក្នុងពេលឆាប់ៗ។ វិទ្យាស្ថានសិក្សាសង្រ្គាម បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីប្រហែលនឹងអាចសម្រាកប្រតិបត្តិការ មុននឹងចាប់ផ្តើមការវាយប្រហារចេញពីអាឌីវអីវកា ឬផ្ទេកម្លាំងមកពង្រឹងបន្ថែមចេញពីផ្នែកដទៃទៀតនៃសមរភូមិ។ មានការវិភាគមួយចេញពីសេចក្តីសន្និដ្ឋានថា ការដណ្តើមយក អាវឌីវអីវកា ដូចដែលបានគូសបញ្ជាក់ពីអ្នកជំនាញភាគច្រើនក៏មិនមែនជាស្ថានភាពធ្វើឲ្យប្រែប្រួលយុទ្ធសាស្រ្តសំខាន់នៃតំបន់ដែរ។ ទីក្រុងឧស្សាហកម្ម ដែលទុកក្នុងគំនរផេះផង់ដោយសារការប្រយុទ្ធជាច្រើនខែ វាក៏ដូចជាផ្នូរខ្មោចដ៏ធំសម្រាប់យោធារុស្ស៊ីដែរ។
មន្រ្តីអាម៉េរិកដែលស្រង់សំដីដោយសារសារព័ត៌មាន New York Times បានឲ្យដឹងថា ការឈានទៅមុខរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នឹងមិនបង្កឲ្យមានការដួលរលំទាំងស្រុងនៃសមរភូមិរបស់អ៊ុយក្រែនដែរ ទោះបីជារដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកសឺហ្គេ ឆ័រហ្គូ ជាទម្លាប់តែងអួតក្អេងក្អាង ដើម្បីពន្លើសជ័យជម្នះ របស់ខ្លន ជាពិសេសនៅពេលប្រតិបត្តិការដណ្តើមបាន អាឌីវអីវកានេះ។