សង្រ្គាមនៅអ៊ីរ៉ង់ ៖ លោកដូណាល់ ត្រាំ និយាយថា ឱសានវាទ ដែលលោកដាក់​​សម្រាប់ទីក្រុងតេអេរ៉ង់គឺដាច់ខាត

ប្រធានាធិបតីអាម៉េរិកបានថ្លែងកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ថា សំណើសុំបទឈប់បាញ់ របស់​អ៊ីរ៉ង់​ដែលបានបញ្ជូនមកលោក មានន័យសំខាន់ ប៉ុន្តែ​មិនទាន់គ្រប់គ្រាន់។

បន្ទាប់ពីជាង ១ខែ នៃសង្រ្គាម ហានិភ័យនៃការកើនឡើងកម្តៅយោធា រាលដាលបន្តនៅតំបន់​មជ្ឈិមបូព៌ា។ កាលពីថ្ងៃអាទិត្យទី៥ ខែមេសា លោកដូណាល់ ត្រាំ ក៏បានគំរាមជាថ្មីម្តងទៀត នឹងបំផ្លាញបណ្តាញអគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃៗ ទៀត​នៅអ៊ីរ៉ង់ ហើយទាមទារ ឲ្យបើកឡើងវិញនូវច្រកសមុទ្រអ័រមូស ត្រឹមម៉ោង ៨យប់ ថ្ងៃអង្គារ ដែលត្រូវបានរាំងខ្ទប់ ដោយ សាធារណរដ្ឋឥស្លាម។ កាលពីថ្ងៃទី២៦ ខែមីនា ប្រធានាធិបតីអាម៉េរិកបានផ្តល់ពេល ១០ថ្ងៃ សម្រាប់រយៈពេលត្រៀម​ក្នុងការបំផ្លាញរោងចក្រអគ្គីសនីអ៊ីរ៉ង់ ឬរហូតមកទល់ត្រឹមថ្ងៃចន្ទ ទី៦ ខែ​មេសា។

ទីក្រុងតេអេរ៉ង់ បានឆ្លើយតបនឹងបណ្តាការថ្លែងចុងក្រោយរបស់ម្ចាស់សេតវិមាន ដោយសន្យា​នឹងធ្វើការសងសឹកឲ្យកាន់តែបំផ្លិចបំផ្លាញបន្ថែមទៀត ក្នុងករណីមានការវាយប្រហារថ្មី​របស់​អាម៉េរិក អ៊ីស្រាអែល ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

កាលពីថ្ងៃចន្ទ ទី៦ ខែមេសា ប្រធានាធិបតីអាម៉េរិក បានថ្លែងថា ឱសានវាទ​ដែលលោកបាន ដាក់សម្រាប់អ៊ីរ៉ង់ដើម្បីសម្រេចកិច្ចព្រមព្រៀង គឺដាច់ខាត និងបន្ថែមថា សំណើររបស់អ៊ីរ៉ង់ សម្រាប់បទឈប់បាញ់ គឺមានន័យសំខាន់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់។ សម្រាប់សំណើអ៊ីរ៉ង់ លោកបានថ្លែងថា ៖ “ពួកគេបានធ្វើសំណើមួយ ហើយនេះគឺសំណើមួយដែល​មានសារ​សំខាន់។ នេះគឺជាជំហានដ៏សំខាន់។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់។”

ក្នុងអំឡុងពិធីទទួលភ្ញៀវប្រចាំឆ្នាំនៅសេតវិមាននាឱកាសបុណ្យចម្លង លោកបានថ្លែងថា ៖ “​សង្រ្គាម​នឹងអាចចប់យ៉ាងឆាប់រហ័ស ប្រសិនបើពួកគេធ្វើនូវអ្វីដែលពួកគេត្រូវធ្វើ។ ពួកគេត្រូវ​តែ​ធ្វើរឿងរ៉ាវមួយចំនួន។ អ៊ីរ៉ង់ដឹងអំពីរឿងទាំងនេះ។ លោកគិតថា ពួកគេត្រូវចរចាដោយមាន​ឆន្ទៈ​ពិត​ប្រាកដ។    

លោកដូណាល់ ត្រាំ ក៏បាននិយាយថា លោកមិនសប្បាយចិត្តនឹងរដ្ឋាភិបាលអ៊ីរ៉ង ហើយគេ​នឹង​ត្រូវបង់តម្លៃខ្ពស់។

កាលពីថ្ងៃចន្ទ ដែរ មេដឹកនាំកំពូលអ៊ីរ៉ង លោកម៉ូតតាបា ខាមឺនៃ បានថ្លែងនៅក្នុង​សារ​តេឡេក្រាម​ថា ការធ្វើឃាត និងឧក្រិដ្ឋកម្មសង្រ្គាម មិនបង្កវិបត្តិដល់កង​កម្លាំងយោធាអ៊ីរ៉ង់ទេ។

កងឆ្មាំបដិវត្តអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់ប្រមុខចារកម្មរបស់ខ្លួន លោកម៉ាជីដ ខាដឺមី តាម​រយៈ​ការវាយប្រហាររបស់អ៊ីស្រាអែល បានប្រកាសថា ៖ “សត្រូវដែលមានចេតនាមិនល្អ និង​អស់​សង្ឃឹម គួរតែដឹងថា នឹងមានការឆ្លើយតបដ៏ធំមួយ ដែលកំពុងរង់ចាំអ្នករៀបចំ និង​អ្នក​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​នេះ”។

ជានិច្ចកាល ចេញពីសេតវិមាន ប្រធានាធិបតីអាម៉េរិក បានថ្លែងថា អ៊ីរ៉ង់មិនបានចាប់ឱកាស ដែល​លោកផ្តល់ឲ្យពួកគេដើម្បីបញ្ចប់សង្រ្គាមនោះទេ។ លោកក៏បានបន្ថែមថា ការ​បារម្ភ​ពាក់ព័ន្ធ​​នឹងការបាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​មិនបានធ្វើឲ្យលោកព្រួយបារម្ភសោះ។​ តើអ្នក​ដឹង​ថា អ្វីជាឧក្រិដ្ឋកម្មសង្រ្គាមទេ? លោកបានថ្លែងថា ៖ “ថាតើពួកគេមានគ្រាប់បែកនុយក្លេអ៊ែរ ឬអត់? ការអនុញ្ញាតឲ្យប្រទេសមួយដែលមានជំងឺ និងមានមេដឹកនាំឆ្កួតកាន់កាប់​គ្រាប់បែក​នុយក្លេអ៊ែរ នោះហើយជាឧក្រិដ្ឋកម្មសង្គ្រាម»។

លោកត្រាំ ក៏បានទទួលសារភាពផងដែរ ថា លោកចង់យកប្រេងរបស់អ៊ីរ៉ង់ ប្រសិនបើ លោក​មាន​សិទ្ធិជ្រើសរើស។ ជាអកុសល ប្រជាជនអាមេរិកចង់ឲ្យយើងត្រឡប់ទៅប្រទេសវិញ។ បើសិន​ជាអាស្រ័យតែលោកម្នាក់ឯង លោកនឹងយកប្រេងនោះ។

 

Daily Program

Livesteam thumbnail