សង្រ្គាមនៅអ៊ីរ៉ង់ ម​នុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស បន្ទាប់ពីការវាយ ប្រហារមកលើព្រលានយន្តហោះគុយវ៉ែត

កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងការបរទេសគុយវ៉ែត បានប្រកាសថា មនុស្សម្នាក់បានស្លាប់ នៅអំឡុងការវាយប្រហាររបស់អ៊ីរ៉ង់ដែលសំដៅលើរចនាសម្ព័ន្ធស៊ីវិល នៅប្រទេសគុយវ៉ែត មាន​ជាអាទិ៍ព្រលានយន្តហោះអន្តរជាតិ និងស្ថានទូត ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ស្ថាន​ទូត​ណាត្រូវរងការខូចខាតនោះទេ។ ការវាយប្រហារនេះបានកត់សម្គាល់ឲ្យឃើញនូវ​ការកើន​ឡើង​​នូវភាពតានតឹងលើប្រទេសនៅក្នុងតំបន់ឈូងសមុទ្រដែលសម្បូរប្រេងមួយនេះ និង​​​​បាន​ស្គាល់​នូវភាពស្ងប់ស្ងាត់មួយរយៈតាំងពីការប្រកាសនូវបទឈប់បាញ់កាលពីថ្ងៃទី៨ ខែ​​មេសា​ក្នុង​សង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់គុយវ៉ែត បានរាយការណ៍ថា អាជ្ញាធរនៃអាកាសចរណ៍​ស៊ីវិលរបស់គុយវ៉ែត បានបង្ហាញឲ្យឃើញនូវសភាពនៃការខូចខាតធ្ងន់ធ្ងរ នៅតំបន់ស្ថានីយ៍ ទី១នៃព្រលានយន្តហោះអន្តរជាតិ និងមានអ្នករងរបួសជាច្រើនបន្ទាប់​ពីការវាយប្រហាររបស់​អ៊ីរ៉ង់។ ប្រភពនេះបានបន្ថែមថា ចរាចរណ៍​ផ្លូវអាកាសត្រូវបានព្យូរ និងការហោះហើរទៅកាន់​គុយវ៉ែត ត្រូវបានបង្វែទិសទៅកាន់អាកាសយានដ្ឋានដទៃទៀត។

នៅមុននោះ ទាហានអាម៉េរិក បានប្រាប់ឲ្យដឹងថា មីស៊ីលពីរគ្រាប់របស់អ៊ីរ៉ង់ដែលបាញ់ទៅ លើគុយវ៉ែតមិនបានទៅដល់គោលដៅរបស់ពួកវា​ឡើយ ឬបានរលាយបាត់ខ្លួននៅតាមផ្លូវ ហើយ​មីស៊ីល ៣គ្រាប់ ដែលបាញ់មកលើប្រទេសបារ៉ែន ត្រូវបានស្ទាក់ចាប់បាន ដោយ​កង​កម្លាំង​របស់អាម៉េរិក និងបារ៉ែន។ ទាហានអាម៉េរិក ក៏បានបញ្ជាក់ឲ្យដឹងថា រលក​នៃ​ការ​វាយ​ប្រហារ​ដោយដ្រូនរបស់អ៊ីរ៉ង់ ដែលបាញ់ដាក់គោលដៅលើកងកម្លាំងអាម៉េរិកនៅ​គុយវ៉ែត ក៏​ត្រូវ​បានបរាជ័យមិនចំលើគោលដៅ។ ហើយទាហានអាម៉េរិកក៏​បានធ្វើការ​វាយ​ប្រហារ​​ប្រឆាំង​នឹង​កោះគិចរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារ​របស់ទីក្រុង​តេអេរ៉ង់។

ចំណែកឯឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសថា បានវាយប្រហារជាមួយមីស៊ីល និងដ្រូន ទៅលើ មណ្ឌល​បញ្ជាការនៃកងម៉ារីនអាម៉េរិក។ ពួកគេបានអះអាងថាបានវាយប្រហារលើ​គោលដៅ នាវារបស់អាម៉េរិក​ជាការសងសឹកចំពោះការវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នៅជិតច្រក សមុទ្រ​អ័រមូស។

តាមសម្រង់របស់សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមថា ការបង្កវិបប្លាស ខាងសន្តិសុខនៅច្រកសមុទ្រជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការបង់តម្លៃដ៏ធ្ងន់ធ្ងរសម្រាប់ ទាហានអាម៉េរិក។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងថា គុយវ៉ែត និងបារ៉ែន ត្រូវមានការ​ទទួលខុស​ត្រូវផ្ទាល់ និងច្បាស់ ព្រោះថា ទឹកដី និងហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​ត្រូវ​បាន​​ប្រើប្រាស់ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។

ការប៉ះទង្គិចដែល​កើតមានឡើងនៅជុំវិញច្រកសមុទ្រអ័រមូស បង្កឲ្យមានភាព​មិន​ច្បាស់​លាស់​អំពីបទឈប់បាញ់​ដែលមានឡើងរយៈពេល ៨សប្តាហ៍​រវាងសហរដ្ឋអាម៉េរិក និង​អ៊ីរ៉ង់ ដោយ​មានប្រទេសប៉ាគីស្ថានជាអន្តរការី ហើយកិច្ចចរចានានារវាងភាគីទាំងពីរហាក់ ដូចជាស្ថិត​នៅ​ក្នុង​សភាពទាល់ច្រក។

សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បានថ្លែងថា ទីក្រុងតេអេរ៉ង់ បានផ្អាកការប្រាស្រ័យ​ទាក់ទង​ជាមួយ​ទីក្រុងវ៉ាស៊ីនតុន​ដោយសារការវាយប្រហាររបស់​​អ៊ីស្រាអែលនៅលីបង់ នៅខណៈ​ដែល​អ៊ីរ៉ង់ទាមទារថា រាល់កិច្ចព្រមព្រៀងដែលគ្រោងមាន ដំបូង​ត្រូវបញ្ឈប់ទាំងស្រុងនូវ​ការ​ប្រទូស្ត​រាយ​​លើគ្រប់សមរភូមិ។ ចំណែកលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បាន​អះអាង​តាម​រយៈប​ណ្តាញសង្គម ទ្រូស សូស្យល់ (Truth Social) របស់លោកថា កិច្ចចរចា​បាន​បន្តជា​រៀងរាល់​ថ្ងៃ។ លោកបានថ្លែងកាលពីថ្ងៃចន្ទថា កិច្ច​ព្រមព្រៀង​មួយលើការបន្លាយបទ ឈប់​បាញ់ជាមួយអ៊ីរ៉ង់ និងការបើកច្រកសមុទ្រអ័រមូស នឹង​កើតមានឡើង​នៅសប្តាហ៍​ខាង​មុខ។

 

Daily Program

Livesteam thumbnail