សង្រ្គាមនៅមជ្ឈិមបូព៌ា លោកដូណាល់ ត្រាំ អះអាងថា ការវាយប្រហារកាន់តែ ធ្ងន់ធ្ងរ ​ធ្វើនៅអ៊ីរ៉ង់

កាលពីរាត្រីថ្ងៃពុធ ឆ្លងចូលថ្ងៃ​ព្រហស្បតិ៍ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បាន ថ្លែងសន្ទរកថា​តាមកញ្ចក់ទូរទស្សន៍ដែលគេទន្ទឹងរង់ចាំ ដែលក្នុងនោះ​លោកបានប្រកាសថា ទាហាន​អាម៉េរិកនឹងឈានទៅសម្រេចគោលដៅរបស់ខ្លួនឆាប់ៗ សម្រាប់សង្រ្គាមនៅអ៊ីរ៉ង់ ហើយ​​បើតាមរូបលោក ការវាយប្រហារលើអ៊ីរ៉ង់នឹងកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតី​អាម៉េរិក​បាន​ថ្លែងថា សហរដ្ឋអាម៉េរិកបានបំផ្លាញកងទ័ពជើងទឹក និងអាកាសរបស់អ៊ីរ៉ង់ និង​ព្រមាន​ថា អាម៉េរិកនឹងបន្តវាយប្រហារលើអ៊ីរ៉ង់​ក្នុងអំឡុងពេលពី ២ ទៅ ៣ សប្តាហ៍ខាងមុខ។

លោកប្រធានាធិបតីអាម៉េរិក បានឲ្យដឹងដែរថា ៖ “អាម៉េរិកនឹងវាយប្រហារពួកគេឲ្យខ្លាំងក្លា​ជាទីបំផុតនៅអំឡុងពី២ ទៅ ៣ សប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេឲ្យទៅកាន់យុគសម័យថ្ម ដែល​ពួកគេត្រូវនៅទីនោះ។

ម្ចាស់សេតវិមានអាម៉េរិក បានជៀសវាងចម្លើយចំពោះសំណួរសំខាន់ៗមួយចំនួនដែលនៅ​សេស​សល់ ដូចជា ស្ថានភាពអ៊ុយរ៉ានីយ៉ូម ដែលអ៊ីរ៉ង់បានបង្កើនឲ្យមានកម្រិតខ្ពស់ និងការ​ធ្វើដំណើរចូលទៅកាន់ច្រកសមុទ្រអ័រមូស Hormuz ដែលជាច្រកសមុទ្រ ដែលមាន​ប្រហែល 20% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (GNL) ជាសកល តែងតែ​ឆ្លងកាត់។ លោក​ប្រធានាធិបតី​អាម៉េរិក​បានប្រកាសថា ច្រកសមុទ្រនោះនឹង បើក​ដោយ​ខ្លួន​ឯង នៅ​ពេល​​ជម្លោះ​បញ្ចប់។

តម្លៃនៃប្រេងបានហក់ឡើងជាង ៦% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកនឹងបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ហើយក៏មិន​បាន​សន្យា​សម្រាប់ការបរិច្ឆេទច្បាស់លាស់ដើម្បីបញ្ចប់ជម្លោះនេះដែរ ដែលវាមានរយៈពេល ១​ខែមកហើយ។ នេះធ្វើឲ្យទីផ្សារប្រេងសកលបានឡើង ៦,៤៧% គឺទៅដល់ ១០៧,៧១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅស្រាលអាម៉េរិក បាន​កើន​៥,២៦% គឺទៅដល់ ១០៥,៣៩ ដុល្លារ ក្នុងមួយបារ៉ែល។

សុន្ទរកថាដែលមានការរំពឹងទុកខ្លាំងរបស់ម្ចាស់សេតវិមាន បានបន្សល់ទុកនូវសំណួររបស់អ្នក​វិនិយោគ​អំពីរយៈពេលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលមិនទទួលបានចម្លើយ និងបង្កើនការ​ព្រួយ​បារម្ភកាន់តែខ្លាំងចំពោះសក្តានុពលនៃការបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅជាសកល។

ចំណែកនៅមជ្ឈិមបូព៌ា នៅរាត្រីថ្ងៃពុធ ទាហានអ៊ីស្រាអែលបានប្រកាសថា បានកំណត់អត្ត​សញ្ញាញ​​មីស៊ីល​​ដែលបាញ់មកពីប្រទេសអ៊ីរ៉ង់ ក្នុងទិសដៅមកលើដែនដីរដ្ឋអ៊ីស្រាអែល។ ពួក​វា​​ត្រូវបានបាញ់មក បីដង ក្នុងអំឡុងតែប៉ុន្មានម៉ោង។ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានរ​បួសស្រាល នៅអំឡុងពេលវាយប្រហារ។

រីឯការិយាល័យប្រព័ន្ធផ្សព្វផ្សាយ អាប៊ូ ដាប៊ី បានប្រកាសថា នៅប្រទេស​អារ៉ាបរួម អេមីរ៉េត ប្រព័ន្ធការការពារអាកាស បានចាប់បានមីស៊ីលមួយ​នៅជិតតំបន់​សេដ្ឋកិច្ច ខាលីហ្វ៉ា នៅ​ទីក្រុង​អាប៊ូ ដាប៊ី។ ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានបន្ថែមថា មានការខូចខាត​តិចតួច​ដែរ។

រីឯនៅក្នុងសំបុត្រមួយដែលផ្ញើចំពោះប្រជាជនអាម៉េរិក កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាសូដ ប៉ាហ្សេស្កៀន បានបញ្ជាក់ថា អ៊ីរ៉ង់មិនមានការប្រទូស្តរាយណាមួយចំពោះ​ប្រជាជន​​អាម៉េរិក​ធម្មតា​នោះទេ។ លោកបានបន្ថែមក្នុងលិខិតនេះ ដែលសារព័ត៌មានអ៊ីរ៉ង់បាន​ផ្សព្វផ្សាយ និងត្រូវបានចែកចាយបន្តលើបណ្តាញសង្គមអ៊ិក X ថា ការដែលពិពណ៌នាអ៊ីរ៉ង់ថា​ជា​​ហានិភ័យ គឺមិនស្របតាមសច្ចភាពប្រវត្តិសាស្ត្រ​ និងមិនស្របតាមព្រឹត្តិការណ៍ពិតដែល​អាច​​សង្កេតឃើញបាននៅសព្វថ្ងៃឡើយ។   នៅក្នុងសំបុត្រនេះទៀត លោកម៉ាសូដ ប៉ាហ្សេស្កៀន បានបន្តថា ការវាយប្រហារលើ​ហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗជាអាយុជីវិត​អ៊ីរ៉ង់ គឺ​ជាការបាញ់ផ្ដោតទៅលើប្រជាជនអ៊ីរ៉ង់ ហើយ​វា​នឹងផ្តល់ផលវិបាកលើសពីព្រំដែនប្រទេស។

 

Daily Program

Livesteam thumbnail