សកលវិទ្យាល័យកាតូលិកនៅអ៊ីតាលី និងកាមេរូនចុះកិច្ចព្រមព្រៀងគ្នា
សាកលវិទ្យាល័យបេះដូងពិសិដ្ឋនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងសាកលវិទ្យាល័យកាតូលិកនៅអាហ្រ្វិកកណ្តាលនៅក្នុងប្រទេសកាមេរូនបានចុះកិច្ចព្រមព្រៀងនឹងគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការនឹងគ្នា ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កិច្ចព្រមព្រៀងដែលបានចុះនោះ គឺទាក់ទងនឹងការស្រាវជ្រាវ ការបណ្តុះបណ្តាលនិង ថែទាំសុខភាព។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ លោក អគ្គអភិបាល ជេន ម៉ាកបាហ្គា (Jean Mbarga ) អភិបាលនៃព្រះសហគមន៍នៅភូមិភាគមួយនៅក្នុងប្រទេសកាមេរូន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកាតូលិកនៅអាហ្រ្វិកកណ្តាល បានមានប្រសាសន៍ថា វិស័យសុខាភិបាលនៅអាហ្រ្វិក គឺស្មុគស្មាញនិងពិបាក ហើយនៅកាមេរូនសេវាកម្មសុខភាពដ៏ល្អគឺពិបាករកបំផុត ដូច្នេះកិច្ចព្រមព្រៀងនេះគឺអាចជួយកាមេរូនបាន។
កិច្ចព្រមព្រៀងដែលបានចុះនៅពេលនោះ គឺសំដៅនឹងការផ្លាស់ប្តូរបទពិសោធន៍នៃការបង្រៀន និងជំនួយ ការសហការលើគម្រោងស្រាវជ្រាវរួមគ្នា ការផ្គត់ផ្គង់ឧបករណ៍និងសម្ភារ សកម្មភាពបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់គ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបច្ចេកទេស និងឱកាសសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្រូ និងសិស្សសាកលវិទ្យាល័យទាំងពីរ៕