សកម្មជនព្រៃឈើ និងបរិស្ថានត្រូវបានចាប់ខ្លួន និងសាកសួរក្នុងខេត្តស្ទឹងត្រែង
សកម្មជនព្រៃឈើ និងបរិស្ថាន ៦ រូប ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងសួរចម្លើយ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលដែលពួកគេកំពុងតែធ្វើការឃ្លាំមើលលើករណីកាប់ព្រៃឈើដោយខុសច្បាប់ ។
យោងតាមអង្គការលីកាដូ បានឱ្យដឹងថា សកម្មជនព្រៃឈើ និងបរិស្ថាន ៦ រូប នោះរួមមាន៖ លោក អ៊ូច ឡេង, លោក ហេង ស្រស់, លោក តាត ឧត្តម, លោក អូត ឡាទីន, លោក មេន ម៉ាត់ និងសកម្មជន១ រូបផ្សេងទៀត ត្រូវបានចាប់ខ្លូនដោយកងកម្លាំងចម្រុះ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ដំណឹង និងទីតាំងរបស់ពួកគាត់ក្នុងរយ:ពេល១២ម៉ោង។
អ្នកទាំង ៦ រូបត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកំពុងបន្តសាកសួរដោយអាជ្ញាធរតាំងពីព្រឹកថ្ងៃសៅរ៍មកម៉្លេះ ។
លោក ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦។
លោកស្រស់ និងលោក ឧត្តម គឺជាសកម្មជនបរិស្ថាន ហើយរីឯលោក ឡាទីន ជាបុគ្គលិកបម្រើការងារក្នុងអង្គការសង្គមស៊ីវិលមួយឈ្មោះ សមាគមបណ្តាញយុវជនកម្ពុជា។ លោក ឡេង និងលោក ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ ២០២១ និង ២០២០ ក្នុងខេត្តក្រចេះក្នុងករណីឃ្លាំមើលការចូលកាប់ព្រៃឈើដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ។
សកម្មជន និងអ្នកសារព័ត៌មានទាំងនោះបានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ វើនសៃ សៀមប៉ាង។ ឧទ្យានជាតិនេះហើយ ជាកន្លែងដែលសកម្មជនទាំង៦រូបនោះត្រូវបានឃាត់ខ្លួន និងកន្លែងដែលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឈ្មោះ ធី.អេស.អិម.ដាប់បែលយូ ឯ.កក្នុងឆ្នាំ ២០២២ និងបានផ្តល់អាជ្ញាប័ណ្ណជីកយករ៉ែ ទៅក្រុមហ៊ុនឈ្មោះ ហ្គ្រីន វូដ ឌឹវេលឡូបមេន។
ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.កបានរំលោភដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១២ ស្តីពីការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី ដោ យសារតែជាប់ទាក់ទងទៅនឹងការការបណ្តេញចេញដ៏ច្រើនសន្ធឹកសន្ធាប់ ការបំផ្លិចបំផ្លាញព្រៃ និងការបាត់បង់ធនធានធម្មជាតិផ្សេងៗទៀតជាច្រើនផងដែរ ៕