វ៉េណេហ្ស៊ូអេឡា ៖ លោកត្រាំ ប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោកម៉ាឌូរ៉ូ ប្រមូល​ផ្តុំ​សមាជិកបក្ស

កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ លោកដូណាល់ ត្រាំ ត្រូវជួបប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក​ដើម្បី​​ពិភាក្សាអំពីប្រទេសវ៉េណេហ្ស៊ូអេឡា នៅអំឡុងពេលនៃការកើនឡើងពេញទំហឹងនូវភាព​តាន​តឹង​រវាង​ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងការ៉ាកាស។ នៅអំឡុងសន្និសីទកាសែត អ្នកស្រី​ការ៉ូលីន លីវីត អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយដោយផ្ទាល់ទៅនឹងសំនួរ​ដើម្បីចង់ដឹង​ថា​តើប្រធានាធិបតីអាម៉េរិកបានធ្វើសេចក្តីសម្រេចចិត្តចុងក្រោយអំពីការធ្វើអន្តរាគមន៍ខាង​យោធា​​​ដ៏មានសក្តានុពលរ​បស់អាម៉េរិកឬយ៉ាងណាទេ?

ចំណែកប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា លោកនីកូឡា ម៉ាឌូរ៉ូ បានអះអាងថា លោកនឹង​មិន​ឲ្យ​នរណា​មកគំរាមកំហែងទេ នៅអំឡុងការជួបជុំដែលប្រមូលផ្តុំសមាជិកបក្សរាប់ពាន់​នាក់​នៅ​ទីក្រុង​ការ៉ាកាស។

នៅសហរដ្ឋអាម៉េរិក ក្រុមប្រឹក្សាសន្តិសុខជាតិបានជួបប្រជុំគ្នា​ពីរថ្ងៃ​បន្ទាប់ពីលោកដូណាល់ ត្រាំ បានចេញក្រឹត្យថា ដែនអាកាសវ៉េណេហ្ស៊ូអេឡាត្រូវតែត្រូវចាត់​ទុកថា ត្រូវបានបិទជា​ស្ថាពរ។  

នៅមុននេះ ប្រធានាធិបតីអាម៉េរិក​ក៏បានប្រាប់ថា សហរដ្ឋអាម៉េរិកនឹងចាប់​ផ្តើមវាយប្រហារ​ដាក់​គោលដៅលើអ្នកជួញដូរគ្រឿងញៀនវ៉េណេហ្ស៊ូអេឡា នៅអំឡុង​ប្រតិបត្តិ​ការ​យោធា​ជើង​គោក និងមិនគ្រាន់តែនៅតាមសមុទ្រ។

ចាប់តាំងពីខែសីហា សហរដ្ឋអាម៉េរិកបានពង្រឹងវត្តមានយោធាដ៏សម្បើម​នៅលើសមុទ្រ​ការ៉ាអ៊ីប នៅក្នុងនាមប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន នេះបើតាមទីក្រុងវ៉ាស៊ីនតុន ដែល​ចោទ​ប្រកាន់ប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា លោកនីកូឡា ម៉ាឌូរ៉ូ ថា បានដឹកនាំក្រុមហ៊ុន​ក្រុម​ឧក្រិដ្ឋកម្ម។ ទីក្រុងការ៉ាកាស បានបដិសេធ និងឆ្លើយតបថា គោលដៅរបស់រដ្ឋបាល​លោក​ត្រាំ គឺផ្តួលរំលំប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា និងលូកដៃ​គ្រប់គ្រងប្រេងរបស់ប្រទេស​នេះ។

យោងតាមគេហទំព័រ​ដែលតាមដានចរាចរណ៍ផ្លូវអាកាស បានឲ្យដឹងថា សកម្មភាព​ជា​ទៀងទាត់​នៃយន្តហោះចម្បាំងរបស់អាម៉េរិក កើតមានឡើង​នាប៉ុន្មានថ្ងៃចុងក្រោយ​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មានសិបគីឡូម៉ែត្រពីឆ្នេរវ៉េណេហ្ស៊ុអេឡា។

ចំណែកប្រមុខក្រុមភាគតិចប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាម៉េរិក លោកជុក ជូមមើ បាន​គំរាម​ថា ក្នុងករណី​មានការប្រហារប្រឆាំងនឹងវ៉េណេហ្ស៊ុអេឡា លោកដាក់ស្នើសាជាថ្មីដើម្បីឲ្យមាន​ការ​បោះឆ្នោត​​នៅសភា​សម្រាប់ដំណោះស្រាយដែលសំដៅហាមឃាត់សេតវិមាន​ មិន​ឲ្យប្រើ​ប្រាស់​រាល់​កង​កម្លាំងយោធានៅក្នុងតំបន់ដោយគ្មានការយល់ព្រមជាមុនពីសភា។

លោកនីកូឡា ម៉ាឌូរ៉ូ បានថ្លែងថា ៖ ”យើងត្រូវការសន្តិភាព ប៉ុន្តែជាសន្តិភាព​ជាមួយនិង​អធិបតេយ្យ សមធម៌ និងសេរីភាព។ យើងមិនចង់បានសន្តិភាពជាទាសករ និងមិនមែន​សន្តិភាព​​នៅ​ក្រោមអាណានិគមទេ។”

កិច្ចប្រជុំនៅសេតវិមាន កើតមានឡើងនៅក្នុងបរិបទនៃការជជែកវែកញែកវិវាទ​ដែល​ចេះតែ​កើន​​ឡើងនៅសហរដ្ឋអាម៉េរិក ទាក់ទងនឹងការវាយប្រហារ​កាលពីខែកញ្ញាលើនាវា​ដែលត្រូវ​បាន​សង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ 

ជាសរុប ចាប់តាំងពីខែកញ្ញា សហរដ្ឋអាម៉េរិក បានដឹកនាំការវាយប្រហារប្រឆាំងនឹងនាវា​ជាង ២០គ្រឿង​នៅលើសមុទ្រការ៉ាអ៊ីប និងប៉ាស៊ីហ្វ៊ីក ដែលបានសម្លាប់មនុស្ស ៨៣នាក់ ដោយ​មិន​ផ្តល់​ភស្តុតាងថា តើនាវាទាំងនេះពាក់ព័ន្ធនក្នុងចរាចរណ៍គ្រឿងញៀនឬទេ? នេះនាំឲ្យ​អ្នក​ជំនាញ និង​អង្គការសហប្រជាជាតិចោទសួរអំពីភាពស្របច្បាប់នៃប្រតិបត្តិការយោធានេះ។

 

Daily Program

Livesteam thumbnail