វ៉ាទីកង់មិនគាំទ្រអាពាហ៍ពិពាហ៍ពហុពន្ធភាព
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សន្តអាសនៈ ឬ វ៉ាទីកង់បានប្រកាសមិនគាំទ្រចំណងអាពាហ៍ពិពាហ៍ពហុពន្ធភាព ឬចំណងអាពាហ៍ពិពាហ៍ប្តីមួយប្រពន្ធច្រើន ដែលស្នើពិភាក្សាឡើងពីព្រះសហគមន៍នៅអាហ្រ្វិកឡើយ។
ប្រភពដដែលបានលើកឡើងថា ជំហររបស់សន្តអាសនៈគឺបន្តការពារនិងលើកទឹកចិត្តនូវចំណងអាពាហ៍ពិពាហ៍ឯកពន្ធភាពហើយប្រឆាំងនឹងពហុពន្ធភាព។
វ៉ាទីកង់បាននិយាយថា ពហុពន្ធភាព អាចជាអំពើ ផិតក្បត់ ឬជាការបំភាន់ទំនាក់ទំនងរវាងបុរសនិងស្រ្តី។
ឯកសារដែល ចុះហត្ថលេខាដោយសម្តេចប៉ាបឡេអូទី១៤ មិនបាននិយាយអំពីភាពមិនអាចរំលាយបាននៃអាពាហ៍ពិពាហ៍ ឬគោលបំណងនៃការបង្កើតកូននោះទេ ប៉ុន្តែផ្តោតលើទិដ្ឋភាពរួបរួមនៃអាពាហ៍ពិពាហ៍ ហើយនៅតែរក្សាជំហរគាំទ្រនូវចំណងអាពាហ៍ពិពាហ៍រវាងបុរសម្នាក់និងស្រ្តីម្នាក់។
វ៉ាទីកង់នៅតែបន្តគាំទ្រនិងលើកទឹកចិត្តឲ្យបុរសនិងស្ត្រីរក្សាការរួបរួមនៃសេចក្តីស្រឡាញ់ និងជីវិតដែលចែករំលែកដោយប្តីប្រពន្ធមួយគូ៕