វិសាលវិហារសៃហ្គន ណូតត្រាដាម ជាសក្ខីភាពចំពោះជំនឿដែលស្ថិតស្ថេររបស់ជនជាតិវៀតណាម
វិសាលវិហារសៃហ្គនណូតត្រាដាម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាសក្ខីភាពបញ្ជាក់ពីការលះបង់របស់ប្រជាជនវៀតណាមដែលថែរក្សាមរតកដ៏ពិសិដ្ឋខាងជំនឿរបស់ពួកគេ។
វិហារព្រះសហគមន៍កាតូលិមមួយនេះបានឈរនៅកណ្តាលទីក្រុងហូជីមិញតាំងតែពីឆ្នាំ១៨៨០ នៅពេលដែលវៀតណាមស្ថិតនៅក្រោមអាណានិគមនិយមបារាំង ។ វិហារនេះកសាងឡើងតាមរចនាបថរ៉ូម៉ាំងកាតូលិក។
វិសាលវិហារនេះ បង្កប់នូវលក្ខណៈពិសេសនៃ រចនាសម្ព័ន្ធដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យស្ញប់ស្ញែង ដោយវាត្រូវសាងសង់ដោយសម្ភារៈនាំចូលពីប្រទេសបារាំង ហើយគ្រឹះនៃវិហារនេះត្រូវបានរចនាឡើងដើម្បីទ្រទ្រង់ទម្ងន់ ធានាបាននូវភាពធន់របស់វា។
ព្រះវិហារនេះ មានប្រវែង ៩៣ ម៉ែត្រ និងទទឹង ៣៥ ម៉ែត្រ និងមានកំពស់ ២១ ម៉ែត្រ។ នៅពីមុខវិហារមានរូបសំណាករបស់ព្រះនាងម៉ារី ដែលបានសាងសង់ឡើង ក្នុងឆ្នាំ ១៩៥៩ដោយមាន កម្ពស់៤,៦ ម៉ែត្រ និងទម្ងន់ ៨ តោន ដែលឆ្លាក់ពីថ្មក្រានីតពណ៌ស។
នៅខាងក្នុងវិហារត្រូវបានគាំទ្រដោយសសរស្តម្ភចំនួន ១២ ដែលតំណាងឱ្យសាវ័កទាំង ១២ ។ ជញ្ជាំងត្រូវបានតុបតែងដោយគំនូរកញ្ចក់ពណ៌រាងជារង្វង់ដែលពណ៌នាពីទិដ្ឋភាពព្រះគម្ពីរដែលអនុញ្ញាតឱ្យមានពន្លឺបំភ្លឺផ្នែកខាងក្នុងព្រះវិហារ។
វិសាលវិហារនេះអាចផ្ទុកមនុស្សបានរហូតដល់១២០០នាក់ ដែលបម្រើជាកន្លែងគោរពបូជា និងជាសហគមន៍ដ៏សំខាន់សម្រាប់ប្រជាជនកាតូលិកក្នុងតំបន់។
សព្វថ្ងៃនេះ ជនជាតិវៀតណាមប្រមាណប្រាំពីរលាននាក់ជាអ្នកកាន់គ្រីស្តសាសនានិកាយកាតូលិក ដែលមាន ២៧ ភូមិភាគ មានព្រះសហគមន៍កាតូលិកជាង ២.000 និងបូជាចារ្យជាង ២.៦០០ នាក់៕