វិមានក្រឹមឡាំងប្រុងប្រៀបអំពីកិច្ចពិភាក្សាដ៏ស្មុគស្មាញ នៅអំឡុងកិច្ចចរចានៅ ទីក្រុងអ៊ីស្តង់ប៊ូល

ក្រោមពីបរាជ័យនៃកិច្ចចរចាចំនួន ២ដង កាលពីលើកមុន កិច្ចសន្ទនាជុំទី៣ រវាងរុស្ស៊ី និង អ៊ុយក្រែន បានប្រព្រឹត្តិទៅកាលពីថ្ងៃពុធ ទី២៣ ខែកក្កដា នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសទួរគី ក្រោមសំពាធរបស់លោកប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ដែលបានផ្តល់ឲ្យទីក្រុងមូស្គូ ៥០ថ្ងៃ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ ក្រោមការគំរាមដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលជាប្រភពនៃការផ្តួចផ្តើមនេះ សង្ឃឹមនឹងបើកផ្លូវសម្រាប់ជំនួបផ្ទាល់ជាមួយលោកវ្លាឌីមៀ ពូទីន ដើម្បីទទួលបានការឈប់បាញ់ និងការដោះដូរខាងមនុស្សធម៌ ប៉ុន្តែវិមានក្រឹមឡាំង បានព្រមានរួចហើយថា គេមិនត្រូវរំពឹងការរីកចម្រើនទៅមុខដ៏អស្ចារ្យនូវការចរចា និងវិនិច្ឆ័យថា ជំហរនៃភាគីទាំងពីរគឺផ្ទុយគ្នាស្រឡះ។
ស្របពេលគ្នានេះដែរ ការវាយប្រហាររបស់រុស្ស៊ីបន្តនៅខណៈដែលសម្ព័ន្ធមិត្តលោកខាងលិច ពង្រឹងជំនួយយោធារបស់ពួកគេនៅក្នុងក្របខណ្ឌនៃយុទ្ធនាការ ៥០ថ្ងៃ ក្នុងគោលដៅជំរុញឲ្យលោកពូទីនមកតុចរចា។ ហើយរឿងនេះត្រូវបន្ថែមពីលើដោយភាពតានតឹងដោយការទូតថ្មី ដែលទីក្រុងប៉េកាំង កាលពីថ្ងៃទី២៣ ខែកក្កដា បានតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់អឺរ៉ុបដែលសំដៅលើធនាគារចិនដែលពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានឲ្យរុស្ស៊ី។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី ប៉េស្កូវ បានថ្លែងថា កិច្ចពិភាក្សានឹងលើកឡើងជាសំខាន់លើបញ្ហាដែលពាក់ព័ន្ធនឹងគំរោងនៃកំណត់ចំណាំ ដែលបានផ្លាស់ប្តូរគ្នាកាលពីខែមិថុនាដោយភាគីទាំងពីរ និងរួមបញ្ចូលទាំងការទាមទាររាងៗខ្លួន។ លោកបានបញ្ជាក់ថា កំណត់ចំណាំទាំងនេះគឺមានភាពផ្ទុយគ្នាដាច់ស្រឡះ។ លោកឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា គណៈប្រតិភូរបស់រុស្ស៊ីនឹងមិនផ្លាស់ប្តូរ និងត្រូវដឹកនាំដូចការប្រជុំលើកមុនកាលពីខែឧសភា និងមិថុនា គឺដឹកនាំដោយអតីតរដ្ឋមន្រ្តីវប្បធម៌ និងអ្នកប្រវត្តិសាស្រ្តជាតិនិយម លោកវ្លាឌីមៀ ម៉េឌីនស្គី។
ចំណែកអ៊ុយក្រែន បាននិយាយថា សង្ឃឹមនឹងមានជំហរស្ថាបនាពីភាគីក្រុងមូស្គូ។ តាមប្រភពអានាមិកមួយបានឲ្យដឹងថា អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើឆន្ទៈរបស់រុស្ស៊ីដែលត្រូវបោះបង់ចោលការទាមទារដាច់ខាតរបស់ខ្លួន។
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោកអន់ឌ្រីអ៊ី ស៊ីប៊ីហ្គា និងសមភាគីអ៊ីស្រាអែលរបស់លោក លោកហ្ស៊ីដឺអុង សាអា ដែលបានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន បានប្រកាសអំពីការបើកកិច្ចសន្ទនារវាងប្រទេសទាំងពីរដើម្បីប្រឆាំងរួមគ្នាទល់នឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។ ការធ្វើដំណើរមកកាន់ទីក្រុងគៀវរបស់មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល ដែលត្រូវបានស្វាគមន៍ដោយអាជ្ញាធរអ៊ុយក្រែន កើតមានឡើងប៉ុន្មានសប្តាហ៍ ក្រោយពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកទៅលើមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ចំណែករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោកវ៉ាង វ៉េនតាវ បានតវ៉ាទៅកាន់សមភាគីអឺរ៉ុបអំពីការដាក់បញ្ចូលធនាគារចិនពីរនៅក្នុងការដាក់ទណ្ឌកម្មចុងក្រោយដោយសហភាពអឺរ៉ុបចំពោះទណ្ឌកម្មសម្រាប់រុស្ស៊ីរឿងសង្រ្គាមនៅអ៊ុយក្រែន។
ងាកមកមើលសរភូមិប្រយុទ្ធ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា អ៊ុយក្រែនបានបាត់បង់ជាលើកដំបូងនូវយន្តហោះចម្បាំងបារាំង មីរ៉ាហ្ស៍ ២០០០ កាលពីថ្ងៃអង្គារ នៅអំឡុងបេសកកម្ម តែពីឡុតរបស់យន្តហោះ អាចផ្តាច់ខ្លួនចេញបាន។ ជាសំណាងមិនល្អ យើងបាត់បង់យន្តហោះចម្បាំងមួយគ្រឿង។ ប្រមុខរដ្ឋអ៊ុយក្រែន បាននិយាយក្នុងកិច្ចថ្លែងការណ៍ប្រចាំថ្ងៃថា នេះគឺជាយន្តហោះបារាំងដ៏មានប្រសិទ្ធភាព ជាមួយនឹងពីឡុតយើង។
Daily Program
