វត្ថុបុរាណខ្មែរចំនួន៣រូប នឹងមាតុភូមិនិវត្តពីសារមន្ទីរជាតិសិល្បៈអាស៊ី នៃវិទ្យាស្ថានស្មិតសូនីញាននៅអាមេរិក

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែធ្នូនេះ បានចេញសេក្តីប្រកាសព័ត៌មាន ស្វាគមន៍ការទទួលបាន«វត្ថុបុរាណខ្មែរ ចំនួន៣រូប» ពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន នៅអាម៉េរិក ប្រគល់ជូនមកកម្ពុជាវិញ។ វត្ថុបុរាណខ្មែរចំនួន ៣រូបរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមនី្ទរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុ បុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។

ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្ដារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា។ នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ី ក្នុងការបញ្ចូនសម្បត្តិវប្បធម៌មកប្រទេស ដើមវិញ ក្រោមគោលការណ៍នៃក្រមសីលធម៌របស់វិទ្យាស្ថានស្មិតសូនីញាន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។

លោកស្រីរដ្ឋមន្រ្តី ថ្លែងបន្តថា "យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្មិតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្មិតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍កម សីលធម៌នេះ ដែលជាគោលការណ៍ផ្ដល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”។

លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សារមន្ទីរជាតិសិល្បៈអាស៊ី និងលោកប្រធាន Chase Robinson ជាពិសេសក្រុមការងារស្រាវជ្រាវ និង អភិរក្ស ដែលបានជួយកិច្ចការនេះឱ្យសម្រេចទៅបាន រួមទាំងស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រុមការងាររបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមការងារស្រាវជ្រាវជាតិនិងអន្តរជាតិ និងមន្ត្រីសារមន្ទីរដែលបានជួយគាំទ្រ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាពិសេសដល់លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia ជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួង និងកញ្ញា Melina_Antoniadis ន NOTOS Strategies ដែលបានចូលរួមចរចានិងសម្របសម្រួលលើកិច្ចការនេះ៕

 

Daily Program

Livesteam thumbnail