លោក ស សុខា៖ បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ជាបន្ទាន់​

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ លោក ស សុខា បាន​ចេញសារាចរណែនាំចំនួន​៥ចំណុច​ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។

សេចក្តីណែនាំ​​ នៅថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៤នេះ បាន​ឱ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ(Online)។

នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួម ពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមាន ការភាន់ច្រឡំ ហើយបន្ដចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ ដូចខាងក្រោម៖

១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។

៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៤. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៥. រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

លោក ស សុខា បានបញ្ជាក់ថា ៖ «ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ»។

​លោកថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបុគ្គលពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងស្មា​រតីទទួលខុសត្រូវខ្ពស់៕

Daily Program

Livesteam thumbnail