លោក ស​ សុខា ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី

លោក ស​ សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ​ ទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី១០ ​ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

​នៅប្រទេសអូស្រ្តាលី ​លោកឧបនាយករដ្ឋមន្រ្តី នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអ​ន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំ និងម​ន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ នេះបើតាមការឱ្យដឹងពីលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោក ស សុខា។​

ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធន៍ទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ​

នេះជាដំណើរទស្សនកិច្ចការងារក្រៅប្រទេសលើកទី៣ របស់លោក ស សុខា គិតចាប់ពីថ្ងៃចូលកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទស្សនកិច្ចលើកទី១ បានធ្វើឡើងសាធារណរដ្ឋសង្គមនិយមវៀតណាម​ លើកទី២នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕​

Daily Program

Livesteam thumbnail