លោក លី ធុជ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស
លោកលី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ៅឆ្នាំ២០២៤ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១៥-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
នៅថ្ងៃទី១៨-២១ ខែមិថុនា លោកនឹងដឹកនាំកិច្ច ប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗទាំងបីរួមមាន៖ របាយការណ៍នៃការ អនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ(២០២០-២០២៤) ផែនការសកម្មភាពសៀមរាប-អង្គរ (២០២៥-២០២៩) និងសេចក្ដីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូន ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
ថ្ងៃទី២៤-២៦ ខែមិថុនា តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស លោកក៏នឹងចូលរួមកិច្ចពិភាក្សាកម្រិតនយោបាយ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។
បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាព គាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU) និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដើម្បី ស្វែងរកការគាំទ្របន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា។
គូសបញ្ជាក់ផងដែរ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស តំណាងវិស័យឯកជននៅកម្ពុជាមួយចំនួន នឹងអមដំណើរ លោកទេសរដ្ឋមន្ត្រី ដើម្បីចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អម ស្តីពីភាពជាដៃគូនៃវិស័យឯកជនឆ្ពោះទៅរក ពិភពលោកមួយដែលគ្មានមីន ដែលសហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជាជាករណីជោគជ័យមួយដោយ មានវិស័យឯកជន បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន៕