លោក លី ធុជ ចូលរួមវេទិកាតុមូលសកលភាវូបនីយកម្មអនុសញ្ញា ​នាទីក្រុងហ្សឺណែវ​

លោក លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានចូលរួមវេទិកាតុមូលសកលភាវូបនីយ​កម្មអនុសញ្ញា (Universalization Roundtable) ដែលប្រពឹត្តិទៅនៅនិវេសនដ្ឋានឯកអគ្គរា​ជទូតបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ ដើម្បីធ្វើការពិភាក្សាអំពីលទ្ធភាពនៃការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ, លោក​ Latsamy KEOMANY ឯកអគ្គរដ្ឋទូតឡាវ, លោក Ram Prasad SUBEDI ឯកអគ្គរដ្ឋទូតនេប៉ាល់, លោក Thomas GÖBEL ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់, លោក​ Davaasuren GERELMAA។​ ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី, លោក MAI Phan Dung ឯកអគ្គរដ្ឋទូតវៀតណាម និងលោកស្រី Venephet PHILATHONG នាយកស្តីទីទទួលបន្ទុកផ្នែកកិច្ចការសន្តិសុខនយោយបាយអង្គការសហប្រជាជាតិ នៃក្រសួងការបរទេសប្រទេសឡាវ។

កិច្ចពិភាក្សា បានផ្តោតលើវឌ្ឍនភាពនៃការធ្វើសកលភាវូបនីយកម្មអនុសញ្ញា ដែលជាកិច្ចការអាទិភាពទី១ របស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពង្រឹង និងអំពាវនាវឱ្យមានវិធីសាស្រ្តសម្របសម្រួល តាមរយៈក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា។  

ក្នុងភាពជាប្រធាន លោក លី ធុជ បានលើកឡើងថា កម្ពុជា បានបង្កើតបញ្ជីនៃរដ្ឋគោលដៅដែលមិនមែនជាភាគីដែលបានបង្ហាញចំណាប់អារម្មណ៍លើការងារនៃអនុសញ្ញានេះ ហើយមានបំណងចូលរួមក្នុងកិច្ចសន្ទនាសហប្រតិបត្តិការ និងស្វែងរកវិធានការចាំបាច់ដើម្បីក្លាយជារដ្ឋភាគី។

ជាមួយគ្នានោះ លោក លី ធុជ បានជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងប្រទេសឡាវ វៀតណាម កោះម៉ាស្យាល តុងហ្គា មីក្រូនេស៊ី និងម៉ុងហ្គោលី ព្រមទាំងបានផ្ញើនូវលិខិតផ្លូវការទៅកាន់បណ្តារដ្ឋទាំងអស់ដែលមិនមែនជារដ្ឋភាគី ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពក្នុងការតម្រឹមឱ្យកាន់តែជិតទៅនឹងអនុសញ្ញា។

ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ ដែលបានរៀបចំនូវកិច្ចជំនួបតុមូលនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយឯកអគ្គរដ្ឋទូតអាស៊ានមកពីប្រទេសវៀតណាម ឡាវ និងសិង្ហបុរី ផងដែរ៕

Daily Program

Livesteam thumbnail