លោក លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស្វ័រ
ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោក លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ។
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ លោកArchbishop Ettore Balestrero តំណាងអចិន្ត្រៃយ៍របស់ the Holy See (បុរីវ៉ាទីកង់) ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងដំណើរទស្សនកិច្ចរបស់ប្រធានអនុសញ្ញាអូតាវ៉ា ទៅកាន់បុរីវ៉ាទីកង់។
ជាមួយគ្នានេះដែរ លោក លី ធុជ នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់បុរីវ៉ាទីកង់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងដំណើរទស្សនិច្ចនេះ តាងនាម សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលោកគ្រោងនឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់។
ការចូលជួបសម្តែងការគួរសមនេះ ក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គ និងស្នើដល់បុរីវ៉ាទីកង់ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងសាកល ក្នុងការបញ្ចប់ការរងទុក្ខវេទនា ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស៕